ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែសីហាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ខ្សោយ ពីជ្រលងនៃប្រព័ន្ធ សម្ពាធទាប ITCZ ដែលអូសបន្លាយ លើភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម និងខ្យល់មូសុងនិរតី បក់ក្នុងល្បឿន ពីមធ្យម ទៅបង្គួរ ។
សេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី២៤ ទៅ ២៦ អង្សា សេ សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ ខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅមធ្យម និងបណ្តាខេត្តដទៃ ទៀត អាចមានភ្លៀង ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះនិងខ្យល់ កន្ត្រាក់ ។
សម្រាប់ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។អាចមាន ភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីមធ្យម ទៅបង្គួរ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។
អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ ជាយថាហេតុ៕/V-PC