ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ការដាក់ចេញនូវសេចក្តីសំរេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ៨ ខេត្ត និងសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាល រាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃការបិទបំរាមគោចរ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើង ក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាអាយុជីវិត បងប្អូនប្រជាពលរដ្ឋឱ្យជៀសផុត ពីជំងឺកូវីដ-១៩ ពិសេសវុីរីសបំប្លែងថ្មី ដែលតា (DETA) ។
ការបញ្ជាក់បែបនេះ របស់លោក អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ការអនុវត្តនូវសេចក្តី សម្រេច លេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មាន ថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី កងនគរបាលរាជធានី និងអាជ្ញាធរខណ្ឌ ទាំង ១៤ អនុវត្តការងារនេះ បានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋ ក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថា ដល់ម៉ោងអនុវត្ត គឺប្រជាពលរដ្ឋ មិនមានធ្វើដំណើរ លើដងផ្លូវនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះ ក៏នៅមានចំណុច ចន្លោះប្រហោង មួយចំនួនដែរដោយសារតែនៅតាម ដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋ ធ្វើដំណើរនៅឡើយ។
ដូចច្នេះ លោកអភិបាលរាជធានី បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ជាពិសេស ស្នើឱ្យអាជាធរខណ្ឌ ទាំង១៤ ធ្វើការណែនាំបន្តឱ្យដល់គណៈបញ្ជាការ ឯកភាពសង្កាត់ ទាំង ១០៥ បន្តពង្រឹងលើការងារនេះបន្ថែមទៀត ឱ្យដល់ភូមិ និងដល់លំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋ លោកចូលរួមឱ្យបានច្រើន សំដៅធ្វើយ៉ាងណា យើងរួមគ្នាឈានទៅផ្តាច់ឫសគល់ជំងឺកូវីដ-១៩ ពិសេសវ៉ីរុស បំម្លែងថ្មីដែលតា (DETA) ឱ្យបាន។
លោកបានបន្តទៀតថាៈ ក្នុងនោះ អស់លោកត្រូវធ្វើឱ្យប្រជាពលរដ្ឋ មើលឃើញ ពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់របស់យើង ដែលយកចិត្ត ទុកដាក់ ចំពោះពួកគាត់ និងកូនចៅរបស់គាត់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់គ្នា ហើយពួកគាត់ជឿជាក់ ទុកចិត្តលើអាជ្ញាធរយើង គាំទ្រយើង។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថាៈ ការអនុវត្តសេចក្តីសំរេច លេខ២៤៩/២១ សសរ របស់រដ្ឋបាល រាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃការបិទបំរាមគោចរ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ហើយចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្ត និងផាកពិន័យ ទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។
លោកបានបន្តថាៈ ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ ។ វាល្មមដល់ ពេលហើយ ព្រឹត្តការណ៍ សហគមន៍ ២០ គុម្ភៈ គិតមកដល់ពេលនេះ មានរយៈពេល ៩ ខែហើយ ប្រជាពលរដ្ឋ គួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេ។ បន្ថែមពីលើនេះ ទៀត ដើម្បីចូលរួមទប់ស្កាត់ ឲ្យបាននូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេស ការរីករាលដាល វុីរុសប្រភេទថ្មី ដែលតា ។
លោក ឃួង ស្រេង បានស្នើឱ្យគ្រប់មន្ទីរទាំងអស់ចំណុះអោយរដ្ឋបាល រាជធានី ភ្នំពេញ គឺត្រូវដាក់បដា ៣ ការពារ ៣ កុំ នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្ហាញ ឱ្យឃើញ ពីការចូលរួម ក្នុងការកាត់ផ្តាច់ឫសគល់ ជំងឺកូវីដ-១៩ ឱ្យបាន៕/V-PC