ដោយ៖ សៅវ៉ាន់ឌី / ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសព័ត៌មាន ពីការស្លាប់ទារិកាម្នាក់ និងការរកឃើញ អ្នកកើតមេរោគកូវីដ-១៩ថ្មី ចំនួន ៤ នាក់បន្ថែមទៀត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុង ភូមិសាស្ត្រ ខេត្តព្រះវិហារ។
រដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញថាៈ ទារិកាម្នាក់ ដែលបានស្លាប់ដោយមានវិជ្ជមាន ជំងឺកូវីដ-១៩ នោះ ឈ្មោះ ប៊ិន យូជិន អាយុ ២ខែ ស្ថិតក្នុងបន្ទុកឪពុកម្តាយនៅក្នុងភូមិ រុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ទារិកា អាយុ ២ខែខាងលើ បានស្លាប់ភ្លាមៗ នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមការសន្និដ្ឋានរបស់ ក្រុមគ្រូពេទ្យផ្នែកកុមារ នៃមន្ទីរសុខា ភិបាល ខេត្តព្រះវិហារ ក្រុមគ្រូពេទ្យយោធាថា ទារិកាឈ្មោះ ប៊ិន យូជិន ស្លាប់ដោយសារជំងឺ cerebral beriberi (កង្វះវីតាមីន B1 ធ្ងន់ធ្ងរ ប៉ះពាល់ដល់ ខួរក្បាល)។
ទន្ទឹមនឹងការស្លាប់ទារិកា ប៊ិន យូជិន អាយុ ២ខែនោះ រដ្ឋបាលខេត្តព្រះវិហារ ក៏បានបន្តរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ថ្មី ៤ នាក់បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត យោងតាមលទ្ធផល នៃការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃដដែលនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៦៣០ នាក់ ស្រី ២៨៨នាក់ កុមារី ២២នាក់ ជាសះស្បើយ ៣៤៦ នាក់ ស្រី ១៥៨ នាក់ កុមារី ១៣ នាក់ និងស្លាប់ ២ នាក់ អ្នកកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ មានចំនួន ២៨២ នាក់ ស្រី ១២៩ នាក់ និងកុមារី ៩ នាក់៕/V-PC