ដោយ៖ សៅវ៉ាន់ឌី / ព្រះវិហារ៖ អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក មាស ញឹម ក្រោយទទួលបាន ការអនុញ្ញាតពី ប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ បានដឹកនាំមន្ត្រីឧទ្យានុរក្ស ជាច្រើននាក់ ចុះបង្ក្រាបរថយន្តសាំងយ៉ុង ១គ្រឿង ផ្ទុកឈើជ្រុង រាប់សិបកំណាត់ ដែលកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើល្មើសច្បាប់ នៅលើដែនដី ខេត្តព្រះវិហារ។
ការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿងនេះ បានធ្វើឡើង នៅវេលាម៉ោង ១១ និង៥៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅលើដងផ្លូវក្រាលក្រួសក្រហម ១ ខ្សែ ត្រង់ចំណុច ផ្លូវបំបែកភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ភូមិអណ្តូងតាម៉ែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។
លោក មាស ញឹម បានប្រាប់ឲ្យដឹងថាៈ ការចុះបង្ក្រាបសកម្មភាព រថយន្តដឹកឈើនោះ បន្ទាប់ពីមានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ និងប្រធានមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ នោះមក ហើយកម្លាំងបរិស្ថានខេត្ត បានចុះទៅកាន់ភូមិតាសែង ឃុំរណសិរ្ស ក៏បានប្រទះឃើញ និងប្រដេញស្ទាក់ចាប់រថយន្ត ១គ្រឿង ដែលដឹកជញ្ជូនឈើ ចេញពីភូមិតាសែង ពេលដេញមកដល់ចំណុចផ្លូវបំបែក ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក៏បានប្រទះឃើញ រថយន្តសាំងយ៉ុង ១គ្រឿងផ្សេងទៀត ផ្ទុកឈើពេញប្រៀប ដែលកំពុងធ្វើចរាចរណ៍ នៅលើដងផ្លូវក្រាលក្រួសក្រហម ១ខ្សែនោះ និងបានឃាត់រថយន្តនេះទុក នៅក្នុងវេលាយប់ជ្រៅនោះ។
លោក មាស ញឹម បានបន្តថាៈ រថយន្តសាំងយ៉ុង ១គ្រឿង ដែលរងការបង្ក្រាប នាយប់នោះ ពាក់ស្លាកលេខ ភ្នំពេញ 2N-០០86 ពណ៌ខៀវ បានដឹកឈើសុក្រំ ពេញណែន រីឯតៃកុងរថយន្តនេះ បានប្រាប់ក្រុមមន្ត្រីបរិស្ថានខេត្តថាៈ ឈើទាំងនេះ គេបានដឹកចេញពីភូមិបុស្ស ជាប់ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី គឺដឹកយកទៅឲ្យ ចែ អូន និង ពូ រ៉យ នៅក្នុងខេត្តកំពង់ធំ។
លោក មាស ញឹម បានបញ្ជាក់ថាៈ នៅគ្រានោះ សមត្ថកិច្ច បានរឹបអូសយកវត្ថុតាងបទល្មើស មានរថយន្ត សាំងយ៉ុង ១គ្រឿង និងឈើរាប់កំណាត់ នាំយកមករក្សាទុក នៅស្នាក់ការបរិស្ថានបឹងពែ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ នាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។
អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានបញ្ជាក់ទៀតថាៈ នៅពេលកំពុងបញ្ជូនរថយន្តសាំងយ៉ុង ដែលបង្ក្រាបបាននេះ មកកាន់ស្នាក់ការបឹងពែ ស្រាប់តែមានរថយន្តតួរីស ៤ គ្រឿងផ្សេងទៀត ដឹកជញ្ជូនឈើកែច្នៃ ពាក់កណ្តាលលទ្ធផលសម្រេច គ្រោងនឹងដឹកឆ្ពោះចូលទៅខេត្តកំពង់ធំ។ ប៉ុន្តែ រថយន្តទាំង ៤ គ្រឿងនោះ ពេលបើកមកដល់ចំណុចស្វាយប៉ាត ក៏បានបើកត្រឡប់ក្រោយវិញ ក្រោយទទួលដំណឹងថា មានកម្លាំងបរិស្ថាន ចាំចាប់រថយន្តដឹកឈើ នៅលើកំណាត់ផ្លូវជាតិ លេខ៦២ នាយប់នោះរួចមក។
ដោយឡែក រថយន្តស៊េរីទំនើប ជាច្រើនគ្រឿងទៀត ក្រោមសេចក្តីរាយការណ៍ថា បានចូលទៅដឹកជញ្ជូនឈើ នៅក្នុងភូមិសាស្ត្រ ភូមិសុច និងភូមិតាសែង ឃុំរណសិរ្ស ជារៀងរាល់យប់ថ្ងៃនោះ កម្លាំងមន្ទីរបរិស្ថានខេត្ត បានប្រកាសចាត់ការបង្ក្រាប ឲ្យខាងតែបាន ទោះបីជួបការលំបាក នៅក្នុងការបង្ក្រាបនោះយ៉ាងក៏ដោយ៕/V