ដោយ៖សរិទ្ធ/ភ្នំពេញ៖ផ្សារដើមគក្នុងខណ្ឌទួលគោក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន និង ក្រុមគ្រូពេទ្យរៀបចំយកសំណាកទៅលើក្រុមអាជីវករក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលផ្សារនេះ កន្លងមក ។
តាមប្រភពព័ត៌មានពីអាជ្ញាធរ បានឲ្យដឹងជាបឋមថា មូលហេតុដែលអាជ្ញាធរសម្រេចបិទផ្សារដើមគ ជា បណ្ដោះអាសន្ន នេះ ដោយសារតែថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta បានចូលទៅទិញ ឥវ៉ាន់នៅទីនោះ ។
ទោះបីយ៉ាងណា ពេលនេះ ក្រុមគ្រូពេទ្យកំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំទីតាំងដើម្បីយកសំណាកទៅលើអ្នកពាក់ព័ន្ធទាំងឡាយ ហើយ លទ្ធផលយ៉ាងណាណានោះនៅមិនទាន់ដឹងឡើយទេ ។
សូមបញ្ជាក់ថា បើតាមក្រសួងសុខាភិបាល ពេលនេះវីរុសកូវីដ១៩ ប្រភេទ Delta បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍របស់យើងហើយ ដោយកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta នេះ ជាបន្តបន្ទាប់ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានសង្កេតឃើញថា ការចម្លងនាពេលបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះ បានដើរចេញក្រៅផ្ទះច្រើននិងមានការជួបជុំមិត្តភក្តិ ។
ដូច្នេះដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលកាន់តែធំឡើងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ ៕