​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​÷ អាជ្ញាធរ​បានកំណត់​ដាក់​គោលដៅ ទីប្រជុំជន​ក្រុង ស្រុក​ជាច្រើន ក្នុង​ខេត្តបាត់ដំបង ជា​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង ជំងឺ​កូ​វីដ​-១៩ ពិសេស​វីរុស​បំប្លែង​ថ្មី​។​

​រដ្ឋបាលខេត្ត​បាត់ដំបង នៅ​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ ២០២១​នេះ បានសម្រេច​ដាក់ចេញ​នូវ វិធានការ​រដ្ឋបាល យ៉ាង​រួសរាន់ លើ​ភូមិសាស្ត្រ​មួយចំនួន ស្ទើរ​ទូទាំង​ខេត្ត ជា​តំបន់​ក្រហម តំបន់​លឿងទុំ និង​ជា​តំបន់​លឿង រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ធានា​ទប់ស្កាត់ ការ​រាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ដំណាក់កាល ដ៏​ចាំបាច់ បច្ចុប្បន្ននេះ​។​

​វិធានការ​រដ្ឋបាល​ខាងលើនេះ ត្រូវបាន​អនុវត្ត លើ​ទីតាំង​ចំនួន ៦​ក្រុង ស្រុក រួមមានៈ​
១/​ក្រុង​បាត់ដំបង ជា​តំបន់​ក្រហម ត្រង់ចំណុច​ក្រុមទី ២៨ ក្នុងភូមិ​ចំការ​សំរោង ២ សង្កាត់​ចំការ​សំរោង​, ២/​ស្រុក​សង្កែ បានកំណត់​ជា​តំបន់​លឿង​ចំនួន ៨​ឃុំ តំបន់​លឿងទុំ​ចំនួន ២​ភូមិ​, ៣/​ស្រុក​មោងឫស្សី បានកំណត់ តំបន់​ក្រហម​ធ្ងន់ធ្ងរ ចំនួន ១​ភូមិ តំបន់​លឿង ចំនួន ៦​ភូមិ​, ៤/​ស្រុក​កំរៀង ជា​ជាប់​តំបន់​ព្រំដែន កំណត់​ជា តំបន់​ក្រហម មាន​ចំនួន ២​ភូមិ តំបន់​លឿងទុំ​ចំនួន ៤​ភូមិ និង​ជា​តំបន់​លឿង ចំនួន ១៨​ភូមិ​,
៥/​ស្រុក​បាណន់ កំណត់​ជា​តំបន់​លឿង ចំនួន ៣​ភូមិ និង​ស្រុក​ថ្មគោល បានកំណត់​ជា​តំបន់​លឿងទុំ ១​ភូមិ ។​

​ប្រភពព័ត៌មាន​ពី​សាលាខេត្ត​បាត់ដំបង បាន​បន្ថែមថា​÷ ក្នុងអំឡុងពេល នៃ​ការអនុវត្ត​ការបិទ​ខ្ទប់ ក្នុងភូមិ​សស្ត្រ​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​ខាងលើ បុគ្គល​គ្រប់រូប ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ចេញពី​លំនៅស្ថាន រាប់ទាំង​សកម្ម​កីឡា​ផ្សេងៗ ប៉ុន្តែ​មានការ​អនុញ្ញាត ក្នុងករណី​ចាំបាច់​។ ចំពោះ​ទីផ្សារ កន្លែង​លក់​ម្ហូប លក់​គ្រឿងឧបភោគ បរិភោគ ទីតាំង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ទីកន្លែង​ផ្តល់​សេវាកម្ម ឬ​អាជីវកម្ម​នានា ក្នុង​តំបន់​ទាំងអស់ ខាងលើ ត្រូវបាន​បិទ​ផ្អាក ជា​បណ្តោះអាសន្ន​៕/V​