ដោយៈអូរស្មាច់/ឧត្តរមានជ័យៈនៅថ្ងៃទី៣ ខែសីហា នេះលោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង និងក្រុមការងារ បានចុះបិទខ្ទប់ភូមិចំនួនប្រាំមួយនៅ ជាប់ព្រំដែន កម្ពុជា ថៃ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង បន្ទាប់ពីភូមិទាំងនោះមានករណីផ្ទុះការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ច្រើន។
ភូមិដែលត្រូវបានធ្វើការបិទខ្ទប់ទាំងចំនួនប្រាំមួយភូមិនោះអាជ្ញាធរបានកំណត់ជា(តំបន់ក្រហម)ដែលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ច្រើន រួមមាន ភូមិអូរស្មាច់,ភូមិរួតចំប៉ី ភូមិអភិវឌ្ឍន៍,ភូមិគីរីមង្គល,ភូមិដើមជ្រៃ និងភូមិចំការចេក។
ការអនុវត្តវិធានការបិទខ្ទប់នេះ រួមមាន ហាមឃាត់សកម្មភាពអាជីវកម្ម មុខរបរ និងទីតាំងដែលមិនរៀបរយនាំឱ្យឈាន ដល់ការឆ្លងរាលដាលក្នុងសហគមន៍,ហាមការជួបជុំលក្ខណ:ឯកជន,ភោជនីយដ្ឋាន-អាហារដ្ឋាន បិទការបម្រើសេវាក្នុងទីតាំង តែអាច វេចខ្ចប់បាន(លើកលែងទីតាំងដែលគោរពតាមវិធានសុខាភិបាល)។
រំលឹកថាខេត្តឧត្ដរមានជ័យ គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ករណីឆ្លងកូវីដ-១៩ បានកើនឡើងសរុបចំនួន៤.៩២៥ ករណី ខណៈរកឃើញថ្មី៧៩ ករណី(៧២ករណី សហគមន៍ និង៧ ករណីនាំចូលពីប្រទេសថៃ)និងជាសះស្បើយចំនួន៥៥ នាក់បន្ថែមទៀត៕សរន