ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា​នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និង​លោក យិន គា នាយក​រដ្ឋបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំងចម្រុះ​គណៈបញ្ជាការ​ខណ្ឌ​ចុះ​បិទ​ទីតាំង ខេ​ធី​វី​(KTV) ចំនួន បី​ទីតាំង សរសេរ​ស្លាក​ជា​ភោជនីយដ្ឋាន តែ​ធាតុពិត​ខាងក្នុង​ជា ខេ​ធី​វី ដែល​នៅតែ​គឃ្លើន​លួច​បើក​ដំណើរការ​អាជីវកម្ម ល្មើ​សនឹង​បម្រាម​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​-​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ខេ​ធី​វី​ទាំងបី​កន្លែង​នេះ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមមាន​៖១. ភោជនីយដ្ឋាន ពិភព​តា​រ៉ា​រះ​,២. ភោជនីយដ្ឋាន រស្មី ពន្លឺ​ពេជ្រ​និង​៣. ភោជនីយដ្ឋាន​បុប្ផា​រាជធានី​។​

​ក្នុង​ប្រតិបត្តិការ​នេះ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដកហូត​សម្ភារ​មួយចំនួន ព្រមទាំង​រុះរើ​ស្លាក​យីហោ ជញ្ជាំង​បិទបាំង ដែល​ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង ឬ​ភ្ញៀវ​នោះទេ​៕​សរន​