ដោយ:ប.ជ័យ / បន្ទាយមានជ័យ:យុទ្ធនាការលើកទី១ ចាក់វ៉ាក់សាំងដូសទី២ ដោយគ្រូពេទ្យចំណុះយោធភូមិភាគទី៥ នៅស្រុកព្រះនេត្រព្រះ មានព្រះសង្ឃ មន្ត្រីរាជការ អាជីវករ កម្មករ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកទទួលវ៉ាក់សាំង។

ឧត្តមសេនីយ៍ត្រីជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ និងលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះឪ្យដឹងកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០៣១ ថា យុទ្ធនាការលើកទី១ ការចាក់វ៉ាក់សាំងដូសទី២ នាថ្ងៃដំបូងនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រព្រះ ក្នុងគម្រោងរយៈពេល៣ថ្ងៃ(ថ្ងៃទី៣-៤-៥ ខែសីហា) ប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ អាជីវករ កម្មករ ប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺបានចំនួន៣.៥២០នាក់/ស(រី១.៣៨នាក់)ហើយ លើតាមផែនការ មានសរុបចំនួន ១១.៨០៩នាក់ ។ពោលគឺបន្ទាប់ពីយុទ្ធនាការលើកទី១ ចាក់វ៉ាក់សាំង(ស៊ីណូវ៉ាក់) ដូសទី១ កាលពីថ្ងៃទ១៤ ខែកក្កដា ឆ្នាំ២០២១ កន្កងមក។

លោកឃូ ពៅ បានបន្តថា ក្រោមការដឹកនាំបញ្ជាររបស់លោកឧត្តមសេនីយ៍ត្រីសឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ហើយមានលោកឧត្តមសេនីយ៍ត្រីជុំ សេដ្ឋា មេបញ្ជាការរងនិងជានាយសេនាធិការប្រចាំបញ្ជាអនុវត្ត គេសង្កេតឃើញថា ដំណើរការនោះ មានការអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដោយស្ម័គចិត្តពីប្រជាពលរដ្ឋយ៉ាងកុះករ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់នាយ នាយរងនិងមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ រដ្ឋបាលស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ជាពិសេសតួអង្គអ្នកមកទទួលសេវាបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផងដែរ ។

ក្នុងនោះ ដោយសារបងប្អូនជាអ្នកចាក់វ៉ាក់សាំងបានអញ្ជើញមកច្រើន ទើបមានការឈរតម្រង់ជួររង់ចាំ និងទួលសេវាត្រួតពិនិត្យតាមវិធានសុខាភិបាលនិងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឯកសារនៅច្រើនចំណុច មុននឹងទៅដល់គោលដៅទទួលការចាក់វ៉ាក់សាំងនៅលើរថយន្តចល័តយោធភូមិភាគទី៥និងនៅបន្ទប់នៃអគារធ្វើការរបស់កងពល ។

ប៉ុន្តែដើម្បីកុំឪ្យបងប្អូនរង់ចាំយូរមានការធុញទ្រាន់ កងពលនិងរដ្ឋបាលស្រុកបានចែកទឹកពិសារនិងដាក់ចម្រៀងកំដរអារម្មណ៍ជូនបងប្អូនផងដែរ៕សរន