ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារដោយចេតនាទៅលើជនស៊ីវិលនៅអាហ្វហ្គានីស្ថាននិងរាល់ករណីភេរវកម្មទាំងអស់ដោយប្រើពាក្យធ្ងន់ៗបំផុតកាលពីថ្ងៃអង្គារទី៣សីហា ខណៈប្រកាសប្រឆាំងនឹងការស្តារការគ្រប់គ្រងប្រទេសឡើងវិញដោយពួកតាលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានឯកភាពដោយសមាជិកទាំង១៥ ស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អ.ស.បមួយនេះបានអំពាវនាវឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់”ចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការសន្តិភាពដែលដឹកនាំដោយអាហ្វហ្គានីស្ថាននិងដែលកាន់កាប់ដោយអាហ្វហ្គានីស្ថានតែមួយដើម្បីបង្កើតវឌ្ឍនភាពបន្ទាន់ឆ្ពោះទៅរកដំណោះស្រាយនយោបាយនិងបទឈប់បាញ់”។
ក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សានៅកម្រិតខ្ពស់និងបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅអាហ្វហ្គានីស្ថានបន្ទាប់ពីការវាយលុករបស់ពួកតាលីបង់។ ស្ថាប័ននេះជំរុញឱ្យការកាត់បន្ថយអំពើហិង្សាជាបន្ទាន់។
សង្គ្រាមរវាងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានខែចុងក្រោយនេះខណៈកងទ័ពអាម៉េរិកនិងណាតូកំពុងដកចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមនេះ។ បច្ចុប្បន្នក្រុមតាលីបង់កំពុងព្យាយាមដណ្តើមកាន់កាប់ទីរួមខេត្តនានា បន្ទាប់ពីបានកាន់កាប់តំបន់រដ្ឋបាលតូចៗរួចមក។
ក្រុមអ្នកការទូតបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ក្រុមប្រឹក្សានេះនឹងរៀបចំកិច្ចប្រជុំបើកចំហមួយនៅថ្ងៃសុក្រខាងមុខស្តីពីស្ថានភាពសន្តិសុខអាក្រក់ទៅៗនៅអាហ្វហ្គានីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមប្រឹក្សានេះបានថ្កោលទោសដោយប្រើពាក្យធ្ងន់ៗបំផុតចំពោះការវាយប្រហារដ៏អាក្រក់ទៅលើបរិវេណអង្គការសហប្រជាជាតិនៅភាគខាងលិចទីក្រុងហេរ៉ាតកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលសម្លាប់ឆ្មាំសន្តិសុខអាហ្វហ្គានីស្ថានម្នាក់និងបង្ករបួសជាច្រើននាក់ផ្សេងទៀត៕
កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំពុងដណ្តើមទីតាំងរបស់ខ្លួននៅទីក្រុងហឺរ៉ាត