ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ករណីរំលោភសេពសន្ថវៈនិងឃាតកម្មលើក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់បាននាំឱ្យមានការតវ៉ាថ្ងៃទីបីជាប់ៗគ្នានៅរដ្ឋធានីរបស់ឥណ្ឌាកាលពីថ្ងៃអង្គារទី ៣ សីហាក្នុងករណីចុងក្រោយដែលគូសបញ្ជាក់ពីអំពើហិង្សាផ្លូវភេទកម្រិតខ្ពស់បំផុតរបស់ប្រទេសនេះ។
បាតុកររាប់រយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងញូវដេលី ដោយកាន់បដាសរសេរថា “ផ្តល់យុត្តិធម៌ដល់ក្មេងស្រីតូច” និងទាមទារឱ្យមានការកាត់ទោសប្រហារជីវិតបុរស ៤ នាក់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋមួយនេះ។
សហគមន៍វណ្ណៈទាបបំផុតឈ្មោះ ដាលីត ដែលមានមនុស្ស ២០០ លាននាក់បានប្រឈមមុខនឹងការរើសអើងនិងការរំលោភបំពាននៅក្នុងប្រទេសឥណ្ឌាជាយូរមកហើយដោយការវាយប្រហារបានកើនឡើងខ្លាំងចាប់តាំងពីការចាប់ផ្តើមរាលដាលនៃមេរោគកូរ៉ូណា។
អភិបាលក្រុងញូវដេលីលោក អាវីន កេចរីវ៉ាល់ បានសរសេរលើ Twitter កាលពីថ្ងៃអង្គារថា ការវាយប្រហារតាមចោទប្រកាន់នេះគឺជា “អំពើព្រៃផ្សៃនិងឥតអៀនខ្មាស់”។
លោកបានសរសេរថា “ត្រូវតែមានការកែលម្អស្ថានភាពច្បាប់និងសណ្តាប់ធ្នាប់នៅទីក្រុងដេលី” ដោយបន្ថែមថាលោកនឹងជួបជាមួយក្រុមគ្រួសារក្មេងស្រីនៅថ្ងៃពុធនេះ។
មេដឹកនាំគណបក្សប្រឆាំងលោករ៉ាហ៊ុល គន្ធីបានសរសេរលើ Twitter កាលពីថ្ងៃអង្គារថា “កូនស្រីរបស់ដាលីតក៏ជាកូនស្រីរបស់ប្រទេសនេះដែរ”៕
បាតុកររាប់រយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងញូវដេលី ដោយកាន់បដាសរសេរថា “ផ្តល់យុត្តិធម៌ដល់ក្មេងស្រីតូច”