​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រេ​ស៊ីល ដែល​ជា​ម្ចាស់​ជើងឯក​បាល់ទាត់​អូឡាំពិក​វិញ្ញាសា​បុរស បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ពួកគេ​បាន​ផ្តួល​ម៉ិក​ស៊ិក ៤-១ ដោយ​បាល់​ប៉េ​ណាល់​ទី​កាលពី​ថ្ងៃ​អង្គារ​ទី ៣ ខែសីហា​បន្ទាប់​ពី​ការប្រកួត​ចប់​១២០​នាទី​ដោយ​គ្មាន​គ្រាប់​បាល់​នៅ​ទីក្រុង​កាស៊ី​ម៉ា​។​

​អ្នកចាំទី​ប្រេ​ស៊ីល​សាន់​តូស​បាន​ជួយ​សង្គ្រោះ​ពី​ការ​ស៊ុត​របស់​កីឡាករ​អេឌូ​អាដូ អាគ្វី​រ៉េ ក្នុងការ​ស៊ុត​បាល់​ប៉េណាល់​ទី មុន​ពេល​កីឡាករ​ចូហាន វ៉ា​កេស ស៊ុត​ចំ​បង្គោល​ទី​ជាមួយ​ការប៉ុនប៉ង​ស៊ុត​បាល់​ប៉េ​ណាល់​ទីទី​ពីរ​របស់​ម៉ិក​ស៊ិក​។​

​ដា​នី អាល់​វេស​, ហ្គា​ព្រីល ម៉ា​ទី​នែ​ល​លី​, ព្រូ​ណូ គ្វី​ម៉ារ៉េស និង​រៃ​នៀ បាន​ស៊ុត​ចូល​ទី​គ្រប់​គ្នា​សម្រាប់ប្រេ​ស៊ីល ដែល​នឹង​ត្រូវ​ជួបអេ​ស្ប៉ាញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នៅ​ទីក្រុង​យ៉ូ​កូហា​ម៉ា​។​

​ម៉ិក​ស៊ិក ដែល​ជា​ម្ចាស់​មេដាយមាស​ឆ្នាំ ២០១២ បាន​ស៊ុត​បញ្ចូល​ទី ១៤ គ្រាប់​ក្នុង​ការប្រកួត​ចំនួន ៤ លើក​នៅ​ឆ្នាំ​នេះ​រួមទាំង ៦ គ្រាប់​ក្នុង​ជ័យជម្នះ​វគ្គ ៨ ក្រុម​ចុងក្រោយ​របស់​ពួកគេ​លើ​កូរ៉េខាងត្បូង​។​

​អេ​ស្ប៉ាញ​បានឈ្នះ​ម្ចាស់ផ្ទះ​ជប៉ុន​១-០​នៅ​វគ្គ​ថែម​ម៉ោង​១៥​នាទី​ពីរដង ដោយ​ការ​ស៊ុត​របស់​កីឡាករ ម៉ាកូ អា​សិន​ស៊ី​អូ នៅ​នាទី​១១៥​។

​ក្នុង​ការប្រកួត​នេះ​ជប៉ុន​មាន​ប្រៀប​ជា​ង​អេ​ស្ប៉ាញ​បន្តិចបន្តួច និង​លេង​យ៉ាង​រស់​រវើក​នៅលើ​ទីលាន ហើយ​សល់​តែ​៥​នាទី​ទៀត​ប៉ុណ្ណោះ​នឹង​យក​ការប្រកួត​នេះ​ទៅ​វគ្គ​ប៉េណាល់​ទី តែ​ពុំ​មាន​សំណាង​៕

កីឡា​ករប្រេ​ស៊ីលអ​បអរក្រោយ​ឈ្នះ​ម៉ិក​ស៊ិក​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី