ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ខ្សែបម្រើហ្វាប៊ីញ៉ូរបស់ក្រុមហង្សក្រហម Liverpool បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិបនៅក្របខ័ណ្ឌ Premier League មួយនេះ។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះគឺជាសមាជិកសំខាន់ទី ២ នៃក្រុមរបស់លោកជួហ្គិន ក្លប់ ក្នុងការប្តេជ្ញាអនាគតរបស់គេចំពោះក្រុមហង្សក្រហមបន្ទាប់ពីកីឡាករត្រេន អាឡិចសាន់ឌ័រ អាណុល បានចុះកិច្ចសន្យាថ្មីកាលពីខែមុន។
ហ្វាប៊ីញ៉ូបានប្រាប់វេបសាយ liverpoolfc.com ថា “ខ្ញុំមានក្តីសោមនស្សរីករាយដែលបានចុះកុងត្រាថ្មីជាមួយក្លិប” ដោយកិច្ចព្រមព្រៀងនេះនឹងបន្តរហូតដល់រដូវក្តៅឆ្នាំ ២០២៦។
រូបគេនិយាយថា “តាំងពីការចាប់ផ្តើមនៃការសន្ទនា ខ្ញុំពិតជាមានភាពវិជ្ជមានអំពីវា ព្រោះវាជាអ្វីដែលខ្ញុំចង់បាន គឺបន្តស្នាក់នៅក្លិបនេះនិងបន្តលេងឱ្យ Liverpool ។ ឥឡូវ វាក្លាយជាផ្លូវការ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់”។
លក្ខខណ្ឌមុនរបស់ហ្វាប៊ីញ៉ូនឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ហើយការបន្តនៅរបស់គេគឺជាផ្នែកមួយនៃផែនការរបស់ Liverpool ក្នុងការផ្សារភ្ជាប់អនាគតកីឡាករដែលមានបទពិសោធន៍ជាច្រើនរូបក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕
ហ្វាប៊ីញ៉ូនឹងបន្តនៅជាមួយ Liverpool រហូតដល់ឆ្នាំ២០២៦