ដោយៈអូរស្មាច់/ឧត្តរមានជ័យៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានចុះពិនិត្យ និងអនុញ្ញាតដល់អាជីវករលក់ដូរ បន្លែ ត្រី សាច់ នៅតាមមុខផ្ទះរបស់ខ្លួន ខណៈបិទខ្ទប់ផ្សារចំនួន២ រួមមានផ្សារសំរោង និងផ្សារឈូក ស្ថិតក្នុងសង្កាត់ ក្រុងសំរោង បន្ទាប់មានការឆ្លងរីករាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ លើអាជីវករក្នុងផ្សារទាំងពីរនេះ កាលពីសប្តាហ៍កន្លងមកនេះ។
ការអនុញ្ញាតដល់ បងប្អូនប្រជាពលរដ្ឋដែលអាជីវករបានដាក់លក់គ្រឿងឧបភោគ បរិភោគ មានបន្លែ ត្រី សាច់នៅតាមមុខផ្ទះនេះ សម្រាប់សម្រួលដល់ពលរដ្ឋតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃក្នុងអំឡុងពេលបិទខ្ទប់ផ្សារទាំងពីរនេះ គឺក្នុងគោលបំណងកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងអប់រំដល់អាជីវករ ក៏ដូចប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រ ឡើងទៅ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ។
សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ គិតត្រឹមល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ កើនសរុបចំនួន៥.០៣២ ករណី ខណ:រកឃើញថ្មី១០៧ ករណី បន្ថែមទៀត (៣៩ករណីឆ្លងក្នុងសហគមន៍ និង៦៨ករណីនាំចូលពីប្រទេសថៃ)៕