​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​ជួប​ការឆ្លង​និង​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ខ្ពស់បំផុត​គួរអោយ​រន្ធត់ ដោយ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១៨៨​នាក់​​ទៀត​បាន​បាត់បង់​ជីវិត និង​មនុស្ស​ដល់​ទៅ​២០.២០០​បាន​ឆ្លង​ជំងឺ​នេះ​ថែម​តែ​អ្នកជំងឺ​១៧.៩៧៥​បាន​ជាសះស្បើយ​ចេញពី​មន្ទីរពេទ្យ​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​១​មេសា ពេល​កូវី​ដ​១៩​រលក​ទី​៣​វាយប្រហារ​ព្រះរាជាណាចក្រ​នេះ មាន​អ្នក​កើតកូ​វីដ​១៩​សរុប​៦៤៣.៥២២​នាក់ ក្នុងនេះ​៥.៤០៩​នាក់​បាន​ស្លាប់​។​

​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ពី​មុន​នៅ​ថៃ គឺ​១៨.៩១២​នាក់​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​មុន ពេល​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ក៏​ខ្ពស់បំផុត​ដែរ​គឺ ១៧៨​នាក់​។​

​នៅពេល​ការឆ្លង​កូ​វីដ​ក្នុង​កំរិត​ប្រកាសអាសន្ន​ជា​មធ្យម​១៨​ពាន់​នាក់​ក្នុង​មួយថ្ងៃ​បែបនេះ ផលប៉ះពាល់​របស់​វា​លើ​មុខ​ជំនួញ​និង​ប្រជាជន​កាន់តែ​អាក្រក់​ទៅ​នៅ​ពេល​រដ្ឋាភិបាល​ព្យាយាម​ចាក់​​វ៉ាក់សាំង​អោយមាន​ច្រើន​។​

​មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ការរីក​រាលដាល​វីរុស​ទៅកាន់​រោងចក្រ​ដែល​វា​នឹង​រារាំង​ដល់​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​និង​ការនាំចេញ ដែល​ជា​វិស័យ​សំខាន់​២​របស់​ថៃ​សំរាប់​ទប់​សេដ្ឋកិច្ច​ដែល​រង​​គ្រោះ​ខ្លាំង​ពី​កូវី​ដ​១៩​។​

​ត្រឹម​ថ្ងៃ​២៩​កក្កដា ក្រសួង​ឧស្សាហកម្ម​ថៃ​បាន​រាយការណ៍​ថា វីរុស​បាន​រីក​រាលដាល​ទៅកាន់​រោងចក្រ​ចំនួន​៥១៨ និង​កម្មករ​៣៦.៨៦១​នាក់​បាន​ឆ្លង​ជំងឺ​នេះ​។​វិស័យ​វ​ផលិតកម្ម​ឧស្សាហកម្ម​រងគ្រោះ​​បំផុត​៥ រួម​មាន​អាហារ​(៩៩​រោងចក្រ​) រោងចក្រ​អេឡិចត្រូនិច​(៧៤) រោងចក្រ​សម្លៀកបំពាក់​(៤២) រោងចក្រ​ការងារ​លោ​ហៈ​(៤២)​និង​រោងចក្រ​ផ្លា​ស្ទិច​ចំនួន​៣៦៕