ដោយៈ សម្បត្តិ / ភ្នំពេញៈ លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មុខងារ ជាជំនួយការ ផ្នែកប្រតិបត្តិការ នៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ត្រូវបានមេអង្គភាព របស់ខ្លួន ហៅទៅសួរនាំ ចំនួន ៣ ថ្ងៃជាប់គ្នា ពាក់ព័ន្ធការបើក ក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ» ដែលផ្ទុយពីលក្ខន្តិកៈ របស់កងកម្លាំង ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថាៈ មូលហេតុ ដែលមេអង្គភាពរបស់ លោកវរសេនីយ៍ត្រី អេង អូន ហៅទៅសួរនាំ នាពេលនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន ព្រោងព្រាត អំពីការចាប់ខ្លួន លោក អេង អូន នៅរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងរំលោភទំនុកចិត្ត ក្នុងទឹកប្រាក់ជាង ៩០ ម៉ឺនដុល្លារ តាមបណ្តឹងរបស់លោកឧកញ៉ា ប្រាក់ ប្រាកដ និងធ្លាយព័ត៌មាន ដែល លោករដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល សម្រេចផាកពិន័យ លោក អេង អូន ដែលជា «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ» នូវទឹកប្រាក់ជាង ៨០០ លានរៀល ដោយសារតែក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ» របស់លោក បានកាយយកដីក្រហម មុនទទួលបានអាជ្ញាប័ណ្ណ ។
ជាមួយគ្នានេះ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ ដែលរង ប៉ះពាល់ ពីសកម្មភាពកាយដីក្រហមរបស់ «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ» វិញ គឺមិនសប្បាយចិត្ត ជាមួយលោក អេង អូន ព្រោះបានធ្វើអោយប៉ះពាល់ ដល់ការ រស់នៅ របស់ប្រជាពលរដ្ឋ ដោយសង្ឃឹមថា ថ្នាក់លើ នឹងមានចំណាត់ការ ចំពោះលោក អេង អូន ផង ។
គួររំលឹកថា លោក អេង អូន ដែលរងបណ្តឹង ពីលោកឧកញ៉ា ប្រាក់ ប្រាកដ បទល្មើសឆបោក និងរំលោភលើទំនុកចិត្ត ក្នុងទឹកប្រាក់ ចំនួន ៩២ ម៉ឺនដុល្លារអាមេរិក ត្រូវបានតុលាការ អនុញ្ញាត អោយត្រឡប់ ទៅផ្ទះវិញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ។
លោក ប្លង់ សុផល អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងថាៈ «ករណីឈ្មោះ អេង អូន គឺត្រូវបានតំណាងអយ្យការចេញបញ្ជាឲ្យ ចូលខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ពីបទសង្ស័យថាបានប្រព្រឹត្ត បទឆបោក និងរំលោភលើទំនុកចិត្ត ។ ក្រោយមក ឈ្មោះខាងលើ បានចូលមក ចំពោះមុខ អយ្យការដោយឯកឯង ដើម្បីស្តាប់ចម្លើយ » ។
លោក ប្លង់ សុផល បានបន្តថាៈ បន្ទាប់ពីបានស្តាប់ចម្លើយ ចប់សព្វគ្រប់ រួចរាល់ហើយ តំណាងអយ្យការ បានចេញដីកា «បញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន» ដោយយល់ ឃើញថា ពុំមានលក្ខខណ្ឌ ចំបាច់អ្វីទៀតទេ ព្រោះជនសង្ស័យ បានចូលខ្លួនរួចហើយ ។
អ្នកនាំពាក្យតុលាការ សូមបញ្ជាក់ជូនផងដែរថាៈ ដីកាបញ្ជា ឲ្យចូលខ្លួន ជាដីកាមួយ ដែលអនុញ្ញាតឲ្យ មន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ បង្ខំជនដែលជាកម្មវត្ថុនៃដីកា ឲ្យចូលមកបង្ហាញខ្លួន ដើម្បីស្តាប់ចម្លើយ ។
សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន នៅមុខផ្សារ ស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។
លោក អេង អូន ក៏ត្រូវបាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចផាកពិន័យ ជាទឹកប្រាក់ជាង ៨០០ លានរៀល ដោយសារតែក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ របស់លោក បានកាយ យកដីក្រហម មុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមក ទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេស ដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ ផាកពិន័យ តាមការសម្រេចរបស់ លោករដ្ឋមន្ត្រីក្រសួងរ៉ែ នោះទេ ៕/V-PC