ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មនុស្ស​ចំនួន​២១​នាក់​នៅ​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​បញ្ជូនទៅ​តុលាការ​ដោយសារតែ​ល្មើស​បម្រាម​គោចរ​កាលពី​យប់​ថ្ងៃទី​៣​ខែសីហា​។​ខណៈ​នេះ​សមត្ថកិច្ច​កំពុងតែ​រង់ចាំ​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អភិបាល​រាជធានី​ភ្នំពេញ​។​

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខ​សីហា បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា​នេះ​ថា អត់​មាន​ទេ​ការអប់រំ​ណែនាំ គឺ​មានតែ​ការផាកពិន័យ ហើយ​បើ​ធ្ងន់ធ្ងរ​នឹង​រៀបចំ​ចំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​។​

​អ្នកនាំពាក្យ​បាន​សង្កត់ធ្ងន់ថា លែងមាន​ការអប់រំ ណែនាំ ទៀតហើយ​ចំពោះ​អ្នក​ដែល​ល្មើស​បម្រាម​គោចរ គឺ​ចាប់ពី​យប់​ថ្ងៃទី​៣ ខែសីហា នេះ​តទៅ អ្នក​ដែល​ល្មើស​បម្រាម ជួបជុំ​ផឹកស៊ី និង​ម្ចាស់​ហាង​បើកហាង​ផឹកស៊ី​គឺ​នឹងត្រូវ​ចាប់​វ៉ៃខ្នោះ​តែម្តង​ដោយ មិនមាន​ការលើកលែង​នោះទេ​។

ការដាក់​នៅ​វិធានការ​តឹងរ៉ឹង​នេះ គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​ប្រភេទ​ថ្មី ដែល​តា ( Delta ) ដែល​កំពុង​តែមាន​វត្ត​មាននៅ​កម្ពុជា និង​កំពុង​ឆ្លង​រាលដាល ហេតុនេះ​សូម​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាពិសេស​ចូលរួម​អនុវត្ត​បម្រាម​គោចរ​ចាប់ពី​ថ្ងៃទី​២៩ កក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។​

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ល​រាជធានី​ភ្នំពេញ លោក​សាន សុខ​សីហា បាន​បញ្ជាក់ថា “​អនុវត្តតាម​ការណែនាំ​របស់​ឯកឧត្តម​ឯកឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ពី​យប់​ថ្ងៃទី​៣ ខែសីហា នេះ​តទៅ អត់​មាន​វិធានការ​ណែនាំ​អប់រំ​ទៀត​ទេ គឺ​អ្នក​ដែល​ល្មើស ហាង​ដែល​ល្មើស និង​អ្នក​ដែល​ល​ល្មើស​បម្រាម​គោចរ អ្នក​ដែល​ជួបជុំ​ផឹកស៊ី បើកហាង​ផ្សេងៗ ត្រូវ​វ៉ៃខ្នោះ​គឺ​ត្រូវ​វ៉ៃខ្នោះ​តែម្តង និង​ត្រូវ​ចាប់ខ្លួន​យកមក​តែម្តង អត់​មានការ​អប់រំ​ណែនាំ​ទៀត​ទេ និង​ត្រូវធ្វើ​ឲ្យ​តឹងរ៉ឹង​បំផុត​”​។​
​លោក​សាន សុខ​សីហា បាន​មានប្រសាសន៍​បន្តថា ទាក់ទង​ការអនុវត្ត​បម្រាម​គ​មោ​ល​ចរ​នៅក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា មកដល់​ត្រឹក​ថ្ងៃទី​៣ ខែសីហា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២១​នាក់ ។

​ឃាត់​យានយន្ត​ល្មើស​ចំនួន ១.២០៥​គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន ៣៤៥​គ្រឿង និង​ម៉ូតូ​ចំនួន ៨៨០​គ្រឿង ។ ផាកពិន័យ​រថយន្ត​ចំនួន ៨៣​គ្រឿង និង​ម៉ូតូ​ចំនួន ២២៨​គ្រឿង​។ ចំពោះ​ការអប់រំ​ណែនាំ​មាន​ចំនួន ១៤០៩​នាក់ (​ស្រី ២៨០​នាក់​) ។ ចំណែក​រថយន្ត​ដែល​យកទៅ​រក្សាទុក​ចំនួន ៥៧​គ្រឿង និង​ម៉ូតូ​ចំនួន ២២៩​គ្រឿង​៕​សរន​