ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣ នាក់ កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៤៥៦ កែងផ្លូវលេខ១៣៥ ក្នុងក្រុម៣២ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ក្រោយពេលឆែកឆេរ រកឃើញឧបករណ៍ សម្រាប់កាច់កម៉ូតូ ជាច្រើន។
លោក ផន អូន អធិការរងខណ្ឌចំការមន បានឱ្យដឹងថាៈ ជនសង្ស័យទាំង៣នាក់នោះ រួមមានៈ ១-ឈ្មោះ សុខ សម្បត្តិលក្ខិណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ , ២-ឈ្មោះ ឃាង ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និង៣-ឈ្មោះ គង់ ម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្វឃាត់ខ្លួន ពីបទប៉ុនប៉ងលួចតែមិនបានសំរេច ។
លោក ផន អូន បានឱ្យដឹងទៀតថា តាមបទបញ្ជារបស់លោក យិន សាន អធិការខណ្ឌ បានឱ្យរូបលោក ដឹកនាំកម្លាំងផ្នែក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការបទល្មើសផ្សេងៗ ដូចជា ឆក់ គាស់ផ្ទះជាដើម ហើយពេលល្បាតមកដល់ ចំណុចមុខផ្ទះ លេខ៤៥ ផ្លូវលេខ៤៥៦ កែងផ្លូវលេខ១៣៥ ក៏បានប្រទះឃើញ ជនសង្ស័យ ចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ ជិះម៉ូតូស៊ុយហ្ស៊ុយគី និច ពាក់ស្លាក លេខ នគរបាល។ ដោយឃើញថា ស្លាកលេខម៉ូតូ មិនប្រក្រតី កម្លាំងសមត្ថកិច្ច ក៏បានឃាត់សាកសួរ ហើយឆែកឆេររកឃើញ ក្នុងកែបម៉ូតូ មានឧបករណ៍មួយចំនួន ដូចជា ដែកមុខស្រួច ចំនួន៤, ដែកសំប៉ែត រាងកន្ទុយអន្ទង់ ចុងស្រួច ចំនួន១៣, ដែកទួណឺវីសចំនួន១៤, ទូរស័ព្ទស៊េរីចាស់ ចំនួន២គ្រឿង ។ ពេលសួរនាំនោះ ជនសង្ស័យទាំង ៣ នាក់ មិនសារភាពទេ តែមុខសញ្ញានេះ កំពុងជិះម៉ូតូមើល ផ្ទះណា ធ្វេសប្រហែសនឹងទៅគាស់ឆ្កឹះសោ លួចទ្រព្យសម្បត្តិ អស់ជាមិនខាន។ ទោះជា យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង រួមនឹងវត្ថុតាងខាងលើ បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ដែរ៕/V-PC