ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ អត្តពលិកអូឡាំពិកបេឡារូស នាង គ្រីស្ទីណា ធីម៉ាណូវស្កាយ៉ា បានចាកចេញពីជប៉ុនតាមជើងហោះហើរឆ្ពោះទៅទីក្រុងវីយែននៅថ្ងៃពុធទី៤សីហានេះ ហើយរំពឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ កន្លែងដែលនាងត្រូវបានផ្តល់ទិដ្ឋាការមនុស្សធម៌។
មន្ត្រីអាកាសយានដ្ឋានម្នាក់បានប្រាប់អ្នកយកព័ត៌មានថា កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះរំពឹងឡើងយន្តហោះទៅកាន់ទីក្រុងវ៉ាសូវីតែម្តង ប៉ុន្តែបានប្តូរជើងហោះហើរវិញនៅនាទីចុងក្រោយ។
នាងបានឡើងយន្តហោះនៅអាកាសយានដ្ឋានណារីតានៅក្រៅទីក្រុងតូក្យូបន្ទាប់ពីធ្វើដំណើរពីស្ថានទូតប៉ូឡូញ ទីដែលនាងបានចំណាយពេលស្នាក់នៅពីរយប់កន្លងមកបន្ទាប់ពីមានការអះអាងថាក្រុមជម្រើសជាតិរបស់នាងបានព្យាយាមបង្ខំនាងឱ្យត្រឡប់ទៅស្រុកវិញ បន្ទាប់ពីនាងបានរិះគន់គ្រូបង្វឹករបស់នាង។
អ្នករត់ប្រណាំងរូបនេះបានបដិសេធមិននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនៅអាកាសយានដ្ឋានហើយជើងហោះហើររបស់នាងបានចេញដំណើរភ្លាមៗបន្ទាប់ពីម៉ោង ១១ ព្រឹកម៉ោងក្នុងស្រុក។
នាងធីម៉ាណូវស្កាយ៉ាបានស្វែងរកការការពារពីមន្ត្រីអូឡាំពិកក្រុងតូក្យូ ២០២០ កាលពីថ្ងៃអាទិត្យ ដោយអះអាងថានាងត្រូវគេបង្ខំឱ្យវិលត្រឡប់ទៅបេឡារូសដែលរងការអង្រួនដោយចលាចលនយោបាយនិងការបង្ក្រាបលើអ្នកប្រឆាំង បន្ទាប់ពីការបោះឆ្នោតពោរពេញដោយជម្លោះ ដែលធ្វើឱ្យបុរសខ្លាំង អាឡិចសាន់ឌ័រ លូកាសិនកូ វិលមកបន្តកាន់អំណាចកាលពីឆ្នាំមុន។
អ្នករត់ប្រណាំងរូបនេះគឺស្ថិតក្នុងចំណោមអត្តពលិកបេឡារូសជាង ២.០០០ នាក់ដែលបានចុះហត្ថលេខាលើលិខិតចំហមួយអំពាវនាវឱ្យមានការបោះឆ្នោតសាថ្មីនិងដោះលែងអ្នកទោសនយោបាយ។
ឥឡូវនេះស្វាមីរបស់នាងបានភៀសខ្លួនទៅអ៊ុយក្រែនហើយអ្នកទាំងពីររំពឹងជួបគ្នានៅប៉ូឡូញ ជាប្រទេសមួយដែលរិះគន់យ៉ាងចាស់ដៃចំពោះរបបរបស់លោកលូកាសិនកូ ហើយបានក្លាយជាលំនៅថ្មីរបស់ជនប្រឆាំងច្រើនឡើងៗ៕
នាងធីម៉ាណូវស្កាយ៉ាជិះយន្តហោះទៅទីក្រុងវីយែននៅព្រឹកថ្ងៃពុធនេះពីអាកាសយានដ្ឋានណារីតា