ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ខាងមុខតាមប្រព័ន្ធវីដេអូ។វត្តមានរបស់លោករដ្ឋមន្រ្តី តបតាមការអញ្ជើញរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ។ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយ រដ្ឋមន្ត្រីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបេទេសបានបញ្ជាក់ថា កិច្ចប្រជុំនេះរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិ ការនេះ ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោមប្រទេសមេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់មេគង្គ ដែលកាន់តែរស់រវើកដោយគិតគូរ ពិចារណា ទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្ត្រីទាំងអស់ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា ៕សរន