ដោយៈ សុផានីតា / កោះកុង៖ កុមារ និងយុវវ័យ អាយុក្រោម១៨ឆ្នាំ នាំគ្នាដេកភ័យ ព្រួយ អស់មួយរយៈកាល កន្លងមក និងមានការរឹតត្បៀត ពីអាណាព្យាបាល និងមាតា បិតា របស់ពួកគេ ហាមចេញក្រៅផ្តេសផ្តាស ខណៈពួកគេ ពុំធ្លាប់ទទួលការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ។
ទន្ទឹមនឹងកម្ពុជា បានរងផលប៉ះពាល់ ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ មាតាបិតា និងអាណាព្យាបាលកុមារ និងយុវវ័យ អាយុក្រោម១៨ឆ្នាំ បាននិយាយថាៈ ការសិក្សារៀនសូត្រ សម្រាប់បុត្រធីតា របស់គាត់ នាពេលកន្លងមក ពុំបានជាប់លាប់ឡើយ ខណៈសាលារៀន ទាំងវិស័យរដ្ឋ និងឯកជន ត្រូវបានបិទ ផ្អាកស្ទើរទាំងស្រុង ។
នៅព្រឹកថ្ងៃទី៤ សីហា ២០២១ យុវនារី តាំង សូនីឡា សម្តែងការត្រេកអររកអ្វីប្រៀប ស្មើ ពុំបានឡើយ ក្រោយពីក្តីសុបិនរបស់គេ ប្រែក្លាយជាការពិតនោះគឺរាជរដ្ឋាភិបាល កម្ពុជា បានផ្តើមបង្កើនល្បឿន ការចាក់វ៉ាក់សាំង ដល់កុមារអាយុ ១២ ឆ្នាំ និងយុវវ័យ អាយុក្រោម ១៨ឆ្នាំ ឲ្យបានគ្រប់គោលដៅ រាជធានីខេត្ត ដើម្បីទប់ស្កាត់ ការឆ្លង រាលដាល ពីជំងឺដ៏កាចសាហាវ ប្រភេទថ្មីនេះ ឲ្យមានប្រសិទ្ធភាព។
យុទ្ធនាការជាទ្រង់ទ្រាយធំ ដែលរដ្ឋបាលខេត្តកោះកុង បានធ្វើឡើង គេសង្កេតឃើញ មាតាបិតា និងអាណាព្យាបាល របស់កុមារ អាយុ១២ឆ្នាំ និងយុវវ័យ អាយុក្រោម ១៨ឆ្នាំ មានការផុសផុល និងភ្ញាក់រលឹកខ្លាំងណាស់ បានបញ្ជូនកូនចៅមកចូលរួម ទទួលវ៉ាក់សាំង ក្នុងយុទ្ធនាការនេះ។
ស្ថិតក្នុងបរិយាកាស យ៉ាងអធឹកអធមនោះ ស្ត្រីវ័យចំណាស់ម្នាក់ បានបង្ហាញពីទុក្ខ កង្វល់របស់គាត់ នាពេលកន្លងមកថាៈ គ្រាមុន បើទោះបីជាធ្លាប់ រស់នៅក្រោម ដំបូលផ្ទះ តែមួយមែន ក្រុមគ្រួសាររបស់គាត់ បានបាត់បង់ទំនុកចិត្ត គ្នាទៅវិញមក ក្នុងការរស់នៅប្រចាំថ្ងៃ ខណៈកូនៗរបស់គាត់ ក្រោមអាយុ១៨ ឆ្នាំ ពុំបានទទួល ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាល ដូចជា រូបគាត់ទេ ស្រាប់តែ ពេលនេះ វាពិតជាលឿនពេក ហើយដែលប្រមុខរាជរដ្ឋាភិបាល បានបញ្ចេញវ៉ាក់សាំង មកទាន់ពេលវេលា ហើយរូបគាត់ មានក្តីត្រេកអរខ្លាំងណាស់នៅពេលដែលកូនៗ របស់គាត់ បានទទួលការចាក់វ៉ាក់សាំង បានគ្រប់គ្នា។ ព្រោះរូបគាត់ផ្ទាល់ធ្លាប់ជា គម្រូហើយ ក៏ធ្លាប់បាត់បង់ទំនុកចិត្ត គ្នាទៅវិញទៅមក ពេលចេញក្រៅផ្ទះ ដើម្បីទៅ ប្រកបមុខរបរលក់ដូរ សម្រាប់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ ខណៈពេលនោះវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពុំទាន់មានផ្តល់ ជូនបានទូលំទូលាយ ដូចបច្ចុប្បន្ន ។
រាជរដ្ឋាភិបាល បានបញ្ចេញវ៉ាក់សាំង មកដល់ភូមិសាស្ត្រ ខេត្តកោះកុង យ៉ាងឆាប់ រហ័យ បែបនេះ កុមារអាយុ ១២ឆ្នាំ និងយុវវ័យ អាយុក្រោម ១៨ឆ្នាំ មានការត្រេកអរ យ៉ាងពន់ពេក ហើយពួកគេ បាននិយាយថា ពេលពួកគេ បានចាក់វ៉ាក់សាំង រួចរាល់ទាំងពីរលើក ហើយនោះ កិច្ចពិភាក្សាគ្នា លើការងាររៀនសូត្រ ទាំងវិស័យរដ្ឋ និងឯកជន កាន់តែមានទំនុកចិត្តខ្ពស់ ជាមួយនឹងមិត្តភក្តិរួមថ្នាក់របស់គេខណៈពេល កន្លងមក រៀនតាមប្រព័ន្ធអនឡាញ ជួបផលលំបាក ដោយពួកគេ សិក្សារៀនសូត្រ មិនថាតែនៅផ្ទះឬ នៅសាលានោះទេ ពោលគឺក្រសួងសុខាភិបាលតម្រូវឲ្យគោរព ជាប់ជានិច្ច ត្រូវតែរក្សាគម្លាតពីគ្នា និងអនុវត្តន៍ តាមវិធានសុខាភិបាល ៣ការពារ និង៣កុំ យ៉ាងជាប់លាប់ជានិច្ច។
គិតចាប់តាំងពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣ សីហា កុមារ និងយុវជន នៅខេត្តកោះកុង ប្រមាណ ៨.៥៨១ នាក់ ស្រី ៤.២១៤ នាក់ បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ រួចរាល់ហើយ រីឯអ្នកមិនទាន់បានចាក់ ក៏បន្តសម្រុក មកទទួលផងដែរ៕/V-PC