ដោយៈសុផល/ភ្នំពេញ៖ ក្រោយពីការពិភាក្សាដេញដោលចំនួន១៩លើក លើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ។
នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកដោយមានការចូល រួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ដូចជា លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រីជំនាញមកពីអង្គភាពក្រោម ឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុង គោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែ សម្រួលអត្ថន័យ ពាក្យ ពេចន៍ ឃ្លាប្រយោគអក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។
លោក ទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំទាំងមូលចូលរួមផ្តល់ធាតុចូល និងមតិយោបល់ ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃសេចក្តី ព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីពន្លឿនការរៀបចំសេចក្តីព្រាង វិសោធនកម្មច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លង កិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។
សូមជម្រាបជូនថា៖ វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះបានឆ្លងកាត់ការ សិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន ១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀតដែលដឹកនាំដោយ លោកទេសរដ្ឋ មន្ត្រីនាពេលនេះផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រា បន្ថែមថ្មីនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាព បញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។
ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថាវិសោធន កម្ម ច្បាប់នេះបានធ្វើ ឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំ ចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះ ឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មីពីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕/PC