ដោយៈ គង់ហេង / កំពង់ចាមៈ នៅថ្ងៃទី ៤ សីហា នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញ វិជ្ជមានជំងឺកូវីដ ១៩ ថ្មី ចំនួន ៤៩ នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន ៣៧ នាក់ និងមានអ្នកស្លាប់ថ្មី ចំនួន មួយ នាក់ទៀត កាលពីថ្ងៃទី ៣ សីហា កន្លងទៅនេះ។
សេចក្តីប្រកាស បានបញ្ជាក់ថាៈ អ្នកស្លាប់ថ្មីម្នាក់ កាលពីថ្ងៃទី ៣ សីហា គឺជាបុរស អាយុ ៧០ ឆ្នាំ ឈ្មោះ កាន់ សំ នៅភូមិប្រធាតុ ឃុំខ្វិតធំ ស្រុកព្រៃឈរ គឺធ្វើឱ្យតួលេខ អ្នកស្លាប់សរុប ចំនួន ៩៤ នាក់។
ចំណែកអ្នកឆ្លងថ្មី ចំនួន ៤៩ នាក់នោះ បានបញ្ជួនទៅព្យាបាល នៅមន្ទីរពេទ្យ មេគង្គកំពង់ចាម និងនៅកន្លែង ព្យាបាលជំងឺនេះ កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ គឺអ្នកជំងឺ កំពុងព្យាបាលសរុប ចំនួន ៨៤០ នាក់ និងអ្នកឆ្លងសរុប កើនដល់ចំនួន ៤.១០៤ នាក់។
ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣៧ នាក់ គឺត្រូវបានធ្វើតេស្ត ទទួលលទ្ធផលអវិជ្ជមាន ទាំងពីរលើក ក៏អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ ដូចនេះ សរុបអ្នកជាសះស្បើយ ចំនួន ៣.១៣៣ នាក់៕/V