ដោយៈ គ្រញូង / បាត់ដំបងៈ នៅរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ជាមួយគ្រួសារសពលោកស្រី ជេស រៀម ត្រូវជាភរិយាលោក ភួង មុនី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ព្រមទាំងក្រុមគ្រួសារ ដែលបានទទួលមរណភាព នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៩ ឆ្នាំ ដោយរោគារពាធ ដែលពិធីបុណ្យនេះ ប្រារព្ធធ្វើឡើង នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ជាមួយ ក្រុមគ្រួសារនៃសព។ មរណភាពរបស់ លោកស្រី ជេស រៀម គឺជាការបាត់បង់ ភរិយា ជីដូន ប្រកបដោយ ព្រហ្មវិហាធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានបូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយ ហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីកូនចៅ មានអនាគតរុងរឿង។
ស្ថិតក្នុងមរណទុក្ខ ដ៏ក្រៀមក្រំនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ លោកស្រី ជេស រៀម បានទៅកាន់ ក្នុងសុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕