​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​ការចំណាយ​របស់​ឥណ្ឌូនេស៊ី​លើ​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ អាច​ឡើង​ហួស​៣០០​ទ្រី​លាន​រូពៀ​(២១​ពាន់​លាន​ដុល្លារ​)​នៅ​ឆ្នាំ​នេះ នេះ​បើ​តាម​ការបញ្ជាក់​របស់​​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​។​

​ឥណ្ឌូនេស៊ី​បាន​ត្រៀម​ទុក​ប្រាក់​២១៤,៩៥​ទ្រី​លាន​រូពៀ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​នៅក្នុង​ផែនការ​ចំណាយ​ដែល​ទើប​កែប្រែ​ថ្មី តែ​ផលប៉ះពាល់​ដ៏​ហិនហោច​នៃ​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​Delta​អាច​បង្កើន​តួលេខ​នេះ​ដល់​ទៅ​៤០​ភាគរយ ដល់​ចំនួន​៣០០​ទ្រី​លាន​រូពៀ​។​

​លោក​រដ្ឋមន្ត្រី​ស្រ៊ី មូល​យ៉ានី អ៊ិន​ដ្រា​វ៉ាទី បាន​និយាយ​ក្នុង​អំឡុងពេល​ធ្វើ​សិក្ខាសាលា​មួយ​ថា « វា​ជា​ចំនួន​ធំ​ណាស់​»​។​

​ចំនួន​ទឹកប្រាក់​នេះ​បូក​បញ្ចូល​ការទិញ​វ៉ាក់សាំង ការព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ និង​ប្រាក់​ខែ​របស់​បុគ្គលិក​សុខាភិបាល ក្នុងចំណោម​ការចំណាយ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​។​

​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី​បាននិងកំពុង​ប្រឈម​ដោះស្រាយ​នឹង​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​ចាប់តាំងពី​ខែ​មិថុនា​មក ជំរុញ​ដោយ​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​Delta ដែល​នាំ​អោយ​អាជ្ញាធរ​រឹត​​បន្តឹង​ចលនា​មនុស្ស​ចាប់តាំងពី​ខែ​មិថុនា​មក​។​

​ទោះជា​ចំនួ​ឆ្លង​សរុប​ថយចុះ តែ​ក្រសួង​សុខាភិបាល​រាយការណ៍​អ្នក​ឆ្លង​ជា​មធ្យម​៣៦.០០០​នាក់​និង​ស្លាប់​១.៥០០​ក្នុង​មួយថ្ងៃ​នៅ​១​សប្តាហ៍​មក​នេះ​៕

​ក្នុង​រូប​ប្រជាជន​រង់ចាំ​ចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​មួយ​នៅ​ក្រុង​ដេន​ប៉ាសា​កាលពី​ថ្ងៃ​៤​សីហា​។​ត្រឹម​ថ្ងៃនេះ​ប្រជាជន​ឥណ្ឌូនេស៊ី​មិន​ដល់​១០​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចាប់តាំងពី​​ពេល​ប្រទេស​នេះ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កាលពី​ខែ​មករា​