ដោយៈវ៉ៃកូ/ស្វាយរៀងៈ រថយន្តធុនធំមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3D-6760 លេខទ្រុងរ៉ឺម៉ក ភ្នំពេញ 4A-4308 មានផ្ទុកកុងតឺន័របើកបរចេញពីមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ហើយធ្វើដំណើរនៅលើកំណាត់ផ្លូវលេខ៣១៤D ឆ្ពោះទៅ ទីរួមខេត្តស្វាយរៀង។ លុះដល់ត្រង់ចំណុចភូមិ ពោធិវង្សឃុំប្រសូតិ ស្រុកស្វាយទាប ក៏ត្រូវសមត្ថកិច្ចគយនិងរដ្ឋាករប្រចាំនៅ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍តាមស្ទាក់ចាប់ឃាត់នាំត្រឡប់មកកាន់ទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ វិញនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៤ខែសីហាឆ្នាំ២០២១ នៅចណុចភូមិពោធិវង្សឃុំប្រសូតិស្រុកស្វាយទាប។
ទាក់ទិនករណីនេះមន្ត្រីគយ ម្នាក់បានបង្ហើបឲ្យដឹងថា ការចាប់ឃាត់រថយន្តខាងលើ គឺថ្នាក់លើមានការសង្ស័យ ការពិនិត្យទំនិញ (ស៊ីល)មិនប្រកតី ទើបឲ្យមន្ត្រីប្រចាំការច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ស្ទាក់ឃាត់រថយន្តនោះមកពិនិត្យជា ថ្មីម្តងទៀត។
ប្រភពបន្តទៀតថា ដោយនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ គ្មានមាស៊ីនស្កែន ត្រួតពិនិត្យទេ ទើបធ្វើឲ្យមានបញ្ហា ចន្លោះប្រហោងបែបនេះ។ ម្យ៉ាងទៀត បើសមត្ថកិច្ចយើងរឹតបន្តឹងក្នុងការឆែកឆេរ ឬរើទំនិញពិនិត្យ វានឹងធ្វើឲ្យប៉ះពាល់ ទំនិញយឺតយ៉ាវ ខាតបង់ពេលវេលា នាំទំនិញ បង្កឲ្យម្ចាស់ទំនិញអាក់អន់ចិត្ត។
មន្ត្រីគយម្នាក់បាននិយាយយ៉ាងខ្លីថា នេះគឺអនុវត្តតាមបទបញ្ជា ថ្នាក់លើ ដែលមានការសង្ស័យ ទំនិញមិនប្រក្រតី ត្រូវឲ្យឃាត់រថយន្តសង្ស័យមកពិនិត្យឡើងវិញ ហើយចំពោះការពិនិត្យ ឬយ៉ាងណានោះគឺរង់ចាំបទបញ្ជា ជាថ្មីពីថ្នាក់លើ ក្រុមជំនាញរបស់លោកគឺគ្រាន់តែឃាត់រថយន្តហើយការពារ មិនឲ្យបាត់បង់ទំនិញតែប៉ុណ្ណោះ។
ប្រភពបញ្ជាក់ថា រថយន្តមួយគ្រឿងនេះដឹកទំនិញមកពីប្រទេសវៀតណាមតាមច្រកទ្វារ ព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទិ៍ ឆ្ពោះទៅទីរួមខេត្តស្វាយរៀង ឆ្លងកាត់មន្ត្រីច្រកទ្វាព្រំដែនក៏ប៉ុន្តែមិនដឹងយ៉ាង ម៉េចបានជារថយន្តខ្នាតយក្សមួយគ្រឿងនេះបើកចេញមកបាន។
ទាក់ទិនករណីនេះ មានម្ចាស់ទំនិញ ម្នាក់បានឲ្យដឹងថា ការពិតគឺជាការភាន់ច្រឡំដោយអ្នកបើកបររថយន្តនឹកស្មានថា ម្ចាស់ទំនិញរត់ការឯកសារបង់ពន្ធរួចហើយទើបបើករថយន្តចេញទៅ ខណៈមន្ត្រីគយកំពុងពិនិត្យឯកសារនាំទំនិញចូល។ នៅពេលមន្ត្រីគយមកពិនិត្យទំនិញក្នុងទូកុងតឺន័រ រថយន្តនេះ គឺបានបាត់រថយន្តពីចំណតច្រកទ្វារព្រំដែនទើបបើករថយន្តដេញតាមចាប់ត្រឡប់ទៅច្រកទ្វារព្រំដែនវិញដើម្បីបង់ពន្ធ។
ចំពោះ ទំនិញដែលនៅក្នុងទូកុងតឺន័រនោះមិនបានដឹងថាជាទំនិញអ្វីនោះទេ ដោយមន្ត្រីគយ មិនផ្តល់ជូនដោយប្រាប់ថា រង់ចាំបទបញ្ជា ពីថ្នាក់លើជាថ្មី ត្រូវឆែកទូកុងតឺន័រពិនិត្យទំនិញ៕សរន