ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ក្រសួងមហាផ្ទៃបាន អនុញ្ញាតឲ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា”។ ប៉ុន្តែដើម្បីទទួល បានសុពលភាព និងអាច ធ្វើសកម្មភាពបាន គឺត្រូវ រៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួង មហាផ្ទៃ។

យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បាន ជម្រាបជូបលោក សា លឹម តំណាងស្ថាបនិក គណបក្សសំឡេងសហគមន៍កម្ពុជាថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា” ដែលសរសេរជាអក្សរកាត់ថា “គ.ស.ស.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសំឡេងសហគមន៍កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សូមបញ្ជាក់ថា លោក សា លឹម តំណាងស្ថាបនិកគណបក្សសំឡេងសហគមន៍កម្ពុជា បាន ដាក់ពាក្យស្នើសុំបង្កើត គណបក្សទៅក្រសួង មហាផ្ទៃកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

គេកត់សម្គាល់ឃើញថា រហូតមកដល់ ពេលនេះ មានគណបក្សនយោបាយជិត ៥០ បាន ចុះបញ្ជីនៅក្រសួង មហាផ្ទៃ និងមានគណបក្សនយោបាយមួយចំនួនទៀតបាន ស្នើសុំបង្កើត តែនៅមិនទាន់បាន ចុះបញ្ជីនៅឡើយទេ។
ជាការសង្កេតថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សនេះ ចំនួនជាង ២០រូបហើយ បានស្នើសុំសិទ្ធិធ្វើនយបាយឡើងវិញ និងបានបង្កើតគណបក្សថ្មីមានដូចជាៈ ក្រុមលោករៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្ស , ក្រុមលោកជីវ កត្តា បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ , ក្រុមលោកអ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្សកែទម្រង់កម្ពុជា , ក្រុមលោកយ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយម , គណបក្សបេះដូងជាតិ បង្កើតដោយក្រុមលោកអេង ឆៃអ៊ាង មូរ សុខហួរ , គណបក្សឆន្ទៈខ្មែរ បង្កើតដោយកូនប្រុសលោកគង់ គាំ ជាដើម៕សរន