ដោយៈអង្គារ៍ហេង/តាកែវៈ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការិនី នៅទូទាំងស្រុកព្រៃកប្បាស បានរៀបចំធ្វើឡើងនៅបរិវេណវត្តភ្ញីមាស ឃុំព្រៃផ្ដៅ។ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អមដំណើរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នង ការរងនគរបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញប្រកាសបើកយុទ្ធនាការនេះផងដែរ។
នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមក ទទួល ការចាក់វ៉ាក់សាំងឱ្យចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធាន ការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួង សុខា ភិបាលឲ្យបានគ្រប់ៗគ្នា។
បន្ថែមលើនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ សម្រាប់ចាក់ជូនកុមារ និងមកដល់ខេត្តតាកែវ ដូច្នេះសូមមាតាបិតា និងអ្នកអាណាព្យាបាល កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។
សូមជម្រាបជូនដែរថា រដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង មានចំនួន ០៩កន្លែង៖ ១-មន្ទីរពេទ្យបង្អែកព្រៃកប្បាស, ២-វត្តកំពែង, ៣-មណ្ឌលសុខភាព វ៉ា ជាង, ៤-សាលាបឋម សិក្សាភ្ញីមាស, ៥-អនុវិទ្យាល័យ ពាមមង្គលបុរី, ៦-វិទ្យាល័យ អង្គអណ្ដែត, ៧-មណ្ឌលសុខភាព ក្រាំងស្លា, – មណ្ឌលសុខភាព ពោធិ៍រំចាក, ៩-សាលាបឋមសិក្សា ឬស្សីថ្មី។ ការចាក់វ៉ាក់សាំងចាប់ផ្តើម ចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ ម៉ោង៤ល្ងាច ដោយបងប្អូនភ្ជាប់មកជាមួយអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕