​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​តួ​ក​គី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានចាប់ផ្តើម​ជម្លៀស​អ្នកភូមិ​រាប់រយ​នាក់​តាម​សមុទ្រ​បន្ទាប់​ពី​ភ្លើងព្រៃ​ដ៏​សាហាវ​បាន​ឆាបឆេះ​នៅ​​ខាងក្រៅ​រោងចក្រ​ថាមពល​មួយ​ដែល​ផ្ទុក​ធ្យូងថ្ម​រាប់ពាន់​តោន​។​

​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​បាន​ឃើញ​អ្នក​ពន្លត់អគ្គីភ័យ​និង​ប៉ូលិស​រត់​គេចខ្លួន​ចេញ​ពី​រោងចក្រ​អគ្គិសនី Kemerkoy ចំណាស់​៣៥​ឆ្នាំ​នៅក្នុង​ខេត្ត​មូក្លា​នៃ​​តំបន់​អា​ជីន ខណៈ​អណ្តាតភ្លើង​ក្រហមច្រាល​ឆាបឆេះ​ភ្នំ​នៅ​ជុំវិញ​នោះ​។​

​មនុស្ស​រាប់រយ​នាក់​មកពី​ភូមិ​នានា ដែល​ភាគច្រើន​វេច​យក​តែ​អីវ៉ាន់​តូចៗ​ពី​ផ្ទះ​បោះបង់​ចោល​ខណៈ​ការជម្លៀស​បាន​ធ្វើឡើង​បាន​ចាប់ផ្តើម​ឡើង​ជិះ​លើ​ទូក​ល្បឿន​លឿន​របស់​ឆ្មាំ​សមុទ្រ​នៅ​កំពង់​​ផែ​អូ​រី​ន​នៅក្បែរនោះ​។​

​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា “​សារធាតុ​គីមី​ផ្ទុះ​ទាំងអស់​” និង​វត្ថុ​គ្រោះថ្នាក់​ផ្សេងទៀត ត្រូវបាន​យកចេញ​ពី​ទីតាំង​រោងចក្រ​យុទ្ធសាស្ត្រ​នេះ​ហើយ​។​

​អភិបាល​តំបន់​អា​ជីន​លោក​អូស្មាន់ ហ្គូ​រ៉ាន់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា “​ប៉ុន្តែ​នៅតែ​មាន​ហានិភ័យ ភ្លើង​អាច​ឆេះ​រាលដាល​ដល់​ធ្យូងថ្ម​រាប់ពាន់​តោន​នៅ​ខាងក្នុង​”​។​

​ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា ស៊ីទែន​អ៊ីដ្រូសែន​ដែល​ប្រើ​ដើម្បី​ធ្វើឱ្យ​ស្ថានីយ​អគ្គិសនី​ត្រជាក់​បាន​អស់​អ៊ីដ្រូសែន​ទៅហើយ និង ត្រូវបាន​បំពេញ​ដោយ​ទឹក​ជំនួស​វិញ​ដើម្បី​ជា​ការប្រុងប្រយ័ត្ន​។​

​សេចក្តីរាយការណ៍​នានា​របស់​សារព័ត៌មាន​តួ​ក​គី​បាន​និយាយ​ថា​ធ្យូងថ្ម​ភាគច្រើន​ត្រូវបាន​ផ្ទេរចេញ​ពី​រោងចក្រ​ទៅកាន់​កន្លែង​រក្សាទុក​ដែល​មាន​ចម្ងាយ​ប្រាំ​គីឡូម៉ែត្រ​ពី​ទីនោះ​ដើម្បី​ជា​ការប្រុងប្រយ័ត្ន​នៅពេល​ដែល​ភ្លើង​បាន​ឆាបឆេះ​តំបន់​នេះ​ជា​លើកដំបូង​កាលពីដើម​សប្តាហ៍​នេះ​។​

​ភ្លើងព្រៃ​ជាង ១៨០ បាន​លេប​ត្របាក់​ព្រៃ​ដ៏​ធំ​និង​សម្លាប់​មនុស្ស​ប្រាំបី​នាក់​ចាប់​តាំងពី​ភ្លើង​បាន​ឆេះ​រាលដាល​ផ្នែក​ស្ទើរតែ​ទាំងអស់​នៃ​តំបន់​អា​ជីន​និង​តាម​បណ្តោយ​ឆ្នេរ​មេ​ឌី​ទែ​រ៉ាណេ​របស់​តួក​គី​៕

​ភ្លើងព្រៃ​កំពុង​រាលដាល​ជិត​ដល់​រោងចក្រ Kemerkoy កាលពី​ថ្ងៃ​ពុធ​