ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា លទ្ធផលនៃការសិក្សា និងស្រាវជ្រាវ គម្រោងស្តីពី “ពិពិធកម្មប្រជាករស្រូវសែនក្រអូប” កំពុងតែដំណើរការ ។
លោកបានអះអាងថា ស្រូវសែនក្រអូបត្រូវបានស្គាល់ និងនាំមកធ្វើការដាំដុះដោយ ប្រជាកសិករនៅប្រទេសកម្ពុជា នៅពាក់កណ្តាល ទស្សវត្សទី៩០ ដែលណែនាំដោយ ក្រុមរោងម៉ាស៊ីនកិនស្រូវមួយចំនួន។ ពូជស្រូវនេះមានគ្រាប់អង្ករល្អ ក្រអូប និងអវេទរសទៅនឹងពន្លឺថ្ងៃដែលអាចដាំបានគ្រប់រដូវ (ជាស្រូវមិនប្រកាន់រដូវ)។
យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជម្រុញផលិតកម្មដំណាំស្រូវ និងការនាំអង្ករចេញ អ្នកនាំចេញអង្ករជាច្រើនបានលើកឡើងពីសក្តានុពលរបស់អង្ករ សែនក្រអូបសម្រាប់ទីផ្សារអន្តរជាតិ បានសំណូមពរឲ្យប្រជាកសិករកម្ពុជាជម្រុញ និង បង្កើនការដាំដុះដំណាំស្រូវសែនក្រអូប ដើម្បីបង្កើនផលិតភាពស្រូវសែនក្រអូប ទាំងនៅក្នុងរដូវប្រាំង និងដើមរដូវវស្សា។ ទន្ទឹមនឹងនេះ មានបញ្ហាចម្បងមួយដែល នាំអោយប៉ះពាល់ដល់គុណភាពអង្ករ និងទិន្នផលគឺអវិសុទ្ធភាពនៃពូជស្រូវសែន ក្រអូប។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីឆ្លើយតបនឹងបញ្ហានេះវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយមានកិច្ច សហប្រតិបត្តិការ ពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈគម្រោងកាវ៉ាក់ (CAVAC)បានធ្វើការ បន្សុទ្ធពន្ធុប្រជាករពូជស្រូវសែនក្រអូបចំនួនបួនប្រជាករ ដែលទទួលបានពី IFC និង ក្រុមហ៊ុនផលិតគ្រាប់ពូជ AQUIP។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល ៤ ឆ្នាំ (២០១៦-២០១៩)។
លោកបានបន្តថា ចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៧ វិទ្យាស្ថានកាឌី បានចាប់ផ្តើមការងារបន្សុទ្ធពូជតាមរយៈវិធីសាស្ត្រជម្រើសឯកត្ត និងជ្រើសរើស បានស្រឡាយដែលល្អជាងគេចំនួនបី (PR1, PR2 និង PR3) សម្រាប់បញ្ចូលទៅក្នុង ពិសោធន៍លើស្រែកសិករ ។
ពីខែធ្នូ ឆ្នាំ២០១៧ ដល់ ខែមេសា ឆ្នាំ២០១៩ វិទ្យាស្ថានកាឌីបានធ្វើពិសោធន៍បន្សាំ ពូជលើស្រែកសិករបានចំនួន ១៣០ កន្លែង នៅក្នុងខេត្តចំនួន១០ គឺ៖ ខេត្តតាកែវ ព្រៃវែង កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងស្វាយរៀង ដើម្បីសិក្សាលើសំដែងកម្មរបស់ស្រឡាយនីមួយៗក្នុងក្សេត្រ បរិស្ថានផ្សេងៗគ្នា។
ទន្ទឹមនឹងនេះយើងបានធ្វើទិវាស្រែបង្ហាញពីស្រឡាយត្រៀមបញ្ចេញដោយមាន កសិករចូលរួមចំនួន៤៥នាក់។ ជាលទ្ធផលស្រឡាយ PR1ទទួលបានទិន្នផលមធ្យម ខ្ពស់ជាងគេគឺ ៣,៩ តោន/ហិកតា បើប្រៀបធៀបនឹងស្រឡាយ PR2 ទទួលបាន ៣,៨តោន/ហិកតា PR3ទទួលបាន ៣,៦តោន/ហិកតា និងពូជកសិករ ៣,៧ តោន/ហិកតា។ ក្រៅពីការវាយតម្លៃទិន្នផលវិទ្យាស្ថានកាឌីបានវិភាគគុណភាពអង្ករ ទាំងលក្ខណៈរូបសាស្ត្រ គុណភាពបាយ និងពន្ធុសាស្ត្រ (ពន្ធុក្រអូប) នៅក្នុមន្ទីរ ពិសោធន៍គុណភាពអង្ករ និងជីវបច្ចេកវិទ្យារបស់វិទ្យាស្ថាន។
យោងតាមលទ្ធផលទាំងនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាសេនាធិការផ្នែកស្រាវជ្រាវ ដំណាំកសិកម្មបានបញ្ចេញស្រឡាយ PR1 តាមរយៈគណៈកម្មការបញ្ចេញពូជ ដំណាំក្នុងឆ្នាំ ២០១៩ ដោយដាក់ឈ្មោះ ពូជស្រូវ “សែនក្រអូប០១” ។ ក្រោយការ បញ្ចេញពូជនេះ គ្រាប់ពូជគ្រឹះចំនួន ៤ តោន ត្រូវបានផលិត និងចែកចាយដល់ កសិករ និងអ្នកពាក់ព័ន្ធ៕/PC