ដោយៈ សរិទ្ធ / ភ្នំពេញ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថាៈ នៅពេលយប់ថ្ងៃទី៤ ខែសីហា អាជ្ញាធរមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូ រថយន្តចំនួន ១២១ គ្រឿង ក្នុងនោះរថយន្ត ៣៩ គ្រឿង និងម៉ូតូ ៨២ គ្រឿង។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជាក់់ប្រាប់ បណ្តាញព័ត៌មានថាៈ ” សម្រាប់ការអនុវត្ត នូវបំរាមគោចរនេះដែរ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ១៦ នាក់ ដែលល្មើសនឹងបំរាម” ។ អាជ្ញាធរ បានប្រើប្រាស់យន្តការ ផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។
សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈ ពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ១,៣២៦គ្រឿង ក្នុងនោះរថយន្ត៣៨៤គ្រឿង និងម៉ូតូ៩៤២គ្រឿង៕/V-PC