ដោយៈ សរិទ្ធ / ភ្នំពេញៈ គណបក្សចំនួន ៣ ដែលតុលាការកំពូល កាត់ទោសរំលាយ ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ។
គណបក្សចំនួន ៣ ដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយនេះ រួមមាន៖ គណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង, គណបក្សវង្គត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា និងគណបក្សសង្គមប្រជាធិបតេយ្យ របស់ លោក ថោង សុវណ្ណារ៉ា។
គណបក្សទាំង ៣ នេះ ត្រូវបានតុលាការកំពូលកម្ពុជា កាត់ទោសរំលាយចោល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹង របស់ក្រសួងមហាផ្ទៃ ដែលអះអាងថា គណបក្សទាំងនេះ មិនអនុវត្តទៅតាមច្បាប់ ស្តីពីគណបក្ស នយោបាយ ដោយខកខានធ្វើសកម្មភាព និងរបាយការណ៍ មកកាន់ក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនឆ្នាំ។
ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា មានគណបក្ស ប្រមាណជិត ៥០ ផ្សេងទៀត កំពុងធ្វើសកម្មភាព ដោយក្នុងនោះ មានមួយចំនួន បានប្រកាសរួចហើយ ក្នុងការត្រៀមខ្លួនចូលរួម ក្នុងការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នៅឆ្នាំ២០២៣ ខាងមុខ៕/V-PC