ដោយៈ អង្គារ៍ហេង / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២១ អង្គភាពនាយក ដ្ឋាន នគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបាន បញ្ជាក់ ឲ្យដឹងថាៈ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួន ដែលប្រើសេវាកម្ម PayPal បានទទួលអ៊ីមែល បោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ PayPal គឺជាក្រុមហ៊ុន ផ្ដល់សេវាកម្មផ្ទេរ ឬបង់លុយអនឡាញ តាមរយៈអ៊ីមែល ដោយមិនចាំបាច់ឱ្យ លេខគណនី ឬលេខប័ណ្ណឥណទាន ទៅអ្នកទទួលលុយ។
អង្គភាពនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថាៈ នៅក្នុង អ៊ីមែលបោកបញ្ឆោតនេះ ជនខិលខូចបានស្នើសុំឱ្យ អ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុន ដើម្បីដោះស្រាយ បញ្ហាមួយចំនួន។ ដើម្បីឱ្យអ្នកប្រើប្រាស់ មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយ នូវតំណភ្ជាប់ពិតប្រាកដ ជាច្រើន របស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លង ជាមួយនឹងជនរងគ្រោះ បានដោយស្វ័យប្រវត្តិ។ ជនខិលខូច នឹងព្យាយាមលួចយកទិន្នន័យសំខាន់ៗ មានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខប័ណ្ណឥណទាន។
អង្គភាពនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរំឮកថាៈ ដើម្បីជៀសវាង ពីការបោកបញ្ឆោត ទាំងនេះ នាយកដ្ឋាន សូមឱ្យលោកអ្នក មានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានអ៊ីមែល ឬសារដែលទាមទារឱ្យ ផ្ដល់ព័ត៌មានផ្ទាល់ខ្លួន។ សូមលោកអ្នកធ្វើការផ្ទៀងផ្ទាត់ ព័ត៌មាននៅក្នុងអ៊ីមែល ឱ្យបានច្បាស់លាស់ មានដូចជា អាសយដ្ឋានអ៊ីមែល របស់អ្នកផ្ញើ តំណភ្ជាប់ និង headers របស់អ៊ីមែល។
គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះ នាយកដ្ឋាន ក៏បានផ្សព្វផ្សាយ រួចមកហើយដែរ ទាក់ទងនឹងការបោក បញ្ឆោតតាមរយៈ Phishing ជាមួយនឹងកម្មវិធី Office 365 ដែលក្រុមហ៊ុន Microsoft បានធ្វើការណែនាំ ដល់អ្នកប្រើប្រាស់ ឱ្យមានការប្រុងប្រយ័ត្ន៕/V-PC