ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង លោក លី​ឡា នៅ​ព្រឹក​ថ្ងៃទី ៥ ខែសីហា នេះ បានបញ្ជាក់​ឲ្យ​ដឹងថាៈ បន្ទាប់ពី​មាន​របាយការណ៍ ពី​អ្នកសារព័ត៌មាន រយៈពេល ២ ទៅ ៣ ថ្ងៃនេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ រកឃើញ ដីព្រៃ​លិច​ទឹក​តំបន់​បី , ៥ កន្លែង ចំនួន​ជាង ១០ ហិកតា នៅក្នុង​ភូមិ សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែល​ជន ល្មើស​បាន​លួច ឈូសឆាយ រុករាន​ទន្ទ្រាន យក​ជា​កម្មសិទ្ធិ ។ ករណីនេះ សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ រកមុខ​សញ្ញា​ជនល្មើស ដើម្បី​កសាង សំណុំរឿង តាម​នីតិវិធី​ច្បាប់ បញ្ជូនទៅ​តុលាការ ។

​ចំណែក​ដីព្រៃ​លិច​ទឹក ដែល​បាន​ឈូសឆាយ​ពី​ឆ្នាំ​ចាស់ ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លាប់ និង​ភូមិ​កំពង់​អួរ ចំនួន ៣១ ហិកតា គឺ​សមត្ថកិច្ច​ជំនាញ បាន​រកឃើញ​មុខសញ្ញា ជនល្មើស ចំនួន ២ នាក់ ហើយ និង​ក៏បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលា តំបូង​ខេត្ត ចាត់ការ​រួចហើយ​ដែរ ។​

​ទាក់ទង​នឹង​ករណី​បទល្មើស ខាងលើ​នេះដែរ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹងថាៈ រឿង​ខាងលើនេះ លោក​អភិបាលខេត្ត បានប្រគល់​ការងារ​នេះ ឲ្យ​លោក អម សុភា អភិបាលរង​ខេត្ត ចុះ​ស្រាវជ្រាវ នៅក្នុង​មូលដ្ឋាន​ជាក់ស្ដែង ជាមួយ​មន្ទីរ​កសិកម្ម និង​មន្ត្រី​ជំនាញ​ដើម្បី​រួមគ្នា ស្រាវជ្រាវ កំណត់​មុខ សញ្ញា​ជនល្មើស ឲ្យ​បានច្បាស់លាស់ ចាត់ការ​តាមផ្លូវ​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព ។​

​ប៉ុន្តែ​ករណីនេះ លោក អម សុភា ជាប់រវល់​ការងារ​ច្រើន ដោយបាន​សុំ​ពេលវេលា ចុះ​ស្រាវជ្រាវ នៅ​សប្តាហ៍​ក្រោយនេះ ។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម បានបញ្ជាក់​ទៀតថាៈ តាម​របាយការណ៍​ស៊ើបអង្កេត របស់​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា ករណី​បទល្មើស នៅ​ភូមិ​សេះ​ស្លាប់ គឺ​ជនល្មើស ដដែល បាន​លួច​ឈូស​ព្រៃ នៅ​ភូមិ​កំពង់​អួរ​នោះ ក៏បាន​មក​លួច​ឈូស​ព្រៃ​លិច ទឹក​តំបន់​៣ ក្នុង​សេះ​ស្លាប់​នេះ​បន្ថែមទៀត ។ ករណី​ខាងលើនេះ ឆន្ទៈ​របស់លោក និង​សមត្ថកិច្ច​ជំនាញ នឹងមិន​លើកលែង ឬ​អត់ឱន​ឱ្យ​ជនល្មើស​ដដែលៗ ខាងលើនេះ រួចខ្លួន​បាន​នោះឡើយ ៕/V​-PC