ដោយៈ គង់ហេង / កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ៥ សីហានេះ បានប្រកាសពី ស្ថានភាពជំងឺកូវីដ ១៩ គឺមានជនរងគ្រោះ ចំនួន បួន នាក់ថ្មី បានទទួលមរណភាព ខណៈរកឃើញវិជ្ជមានថ្មី ចំនួន ៤៣ នាក់ និងមានអ្នកជាសះ ស្បើយ ចំនួន ៣៨ នាក់ កាលពីថ្ងៃទី ៥ សីហា កន្លងទៅ។
អ្នកទទួលមរណភាពថ្មី ចំនួន បួន នាក់ គឺ១.បុរសអាយុ ៧១ ឆ្នាំឈ្មោះ សាយ ធឹម នៅភូមិអម្ពិលលើ ឃុំអម្ពិល ស្រុកកំពង់សៀម បានទទួលមរណភាព កាលពីយប់ ថ្ងៃទី ៣ សីហា, ២.ជាស្ត្រីអាយុ ៥៧ ឆ្នាំឈ្មោះ កេត មាលា នៅភូមិ២២ ឃុំចម្ការ អណ្តូង ស្រុកចម្ការលើ បានទទួលមរណភាព កាលពីយប់ថ្ងៃទី ៣ សីហា,៣.ជាបុរស អាយុ ៧១ ឆ្នាំ ឈ្មោះ ញឹម ភី នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ បានទទួលមរណភាព កាលពីថ្ងៃទី ៤ សីហា និង ៤. ជាបុរសអាយុ ៧០ ឆ្នាំឈ្មោះ មិន វុទ្ធី នៅភូមិ១៥ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយសរុបតួលេខ អ្នកទទួលមរណភាព ដោយជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅខេត្តកំពង់ចាម មានចំនួន ៩៨ នាក់។
ក្នុងនោះអ្នកឆ្លងចំនួន ៤៣ នាក់ បាននាំយកទៅព្យាបាល នៅមន្ទីរពេទ្យមេគង្គ កំពង់ចាម និងនៅកន្លែងព្យាបាល កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ គឺបូកសរុបអ្នកជំងឺ កំពុងព្យាបាល ចំនួន ៨៤១ នាក់ និងអ្នកឆ្លងជំងឺសរុប ចំនួន ៤.១៤៧ នាក់។ រីឯអ្នកជាសះស្បើយ ចំនួន ៣៨ នាក់នោះ ដែលបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ គឺត្រូវបានទទួលលទ្ធផល តេស្តវិជ្ជមាន ចំនួន ពីរ លើក និងសរុបអ្នកសះស្បើយ បានចាកចេញ ទៅកាន់លំនៅឋានវិញ ចំនួន ៣.២០៨ នាក់៕/V-PC