ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ផឹង និល ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរ ដែនដី ចុះត្រួតពិនិត្យទំនិញតាមឃ្លាំង និងផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ ជាពិសេស តំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដាដេប៉ូ ម៉ាត ឃ្លាំង ទំនិញឱសថស្ថាន និងតាមស្ថានីយ៍លក់ប្រេង ឥន្ធនៈចាប់ពីទីរួមខេត្ត ដល់ផ្សារប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
លោក ផឹង និល បានឱ្យដឹងថាៈ ដោយមានការណែនាំពី លោករដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់ ពីលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) ក្រុមការងារ បានចុះត្រួតពិនិត្យ ទៅលើ អាល់កុល ជែលលាងដៃ នៅតាមឱសថស្ថាន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើ អាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។
ជាពិសេសមន្ត្រីជំនាញ បានផ្សព្វផ្សាយ សេចក្តីប្រកាសអន្តរក្រសួងស្តីពីនីតិវិធីពិន័យ អន្តរការណ៍ លើបទល្មើស និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករ តាម ដេប៉ូ និងបណ្តាស្ថានីយ៍ លក់ប្រេងឥន្ធនៈផងដែរ។
លោកបានបញ្ជាក់ថាៈ ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញ បានរកឃើញទំនិញ ខូចគុណភាព និងអាល់កុលក្លែងក្លាយ ដូចជាអាល់កុល ក្លែងក្លាយ ចំនួន ២១២ លីត្រ និងទំនិញខូចគុណភាពចំរុះ ចំនួន ៦៤ គីឡូក្រាម ហើយមន្ត្រីជំនាញ ក៏បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះនិងអាល់កុល ក្លែងក្លាយ ធ្វើការដុតកម្ទេចចោល តែម្តង។
លោក ផឹង និល បានបន្តថាៈ អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់ លើសុខភាព រួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារនិងអាចឈាន បាត់បង់ជីវិត ក្នុងករណីយកទៅលាយ ជាមួយស្រា ដោយបរិភោគលើសកម្រិត។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ ចូលរួមសហការ ដោយនាំចូលនូវ អាល់កុលសុទ្ធ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវ មុននឹងទិញយកមកប្រើប្រាស់ ជាពិសេសសូមចូលរួម បង្ការទប់ស្កាត់ការឆ្លងរីករាល ដាល នៃជំងឺកូវី១៩ ដោយអនុវត្តវិធានការ ការពារ ៣កុំ ៣ការពារ បើមិនចាំបាច់ កុំចេញក្រៅផ្ទះ ៕/V-PC