​ដោយៈ បូកគោ​/​កំពត​: កិច្ច​អភិវឌ្ឍ​សង្គម ក៏ដូចជា​សេដ្ឋកិច្ចជាតិ បាន​រីកចម្រើន​ពិតប្រាកដ ពឹងផ្អែក​ជា​ចម្បង​លើ​ការគ្រប់គ្រង​ចំណូល និង​ចំណាយ​ទ្រព្យធន​របស់​រដ្ឋ​មាន​ភាពច្បាស់លាស់​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាល​ខេត្តកំពត​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ ស្ដីពី​ការរៀប​គម្រោង​ចំណូល​របស់​រដ្ឋបាលខេត្ត​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ លោក​ជាវ តា​យ​បាន​មានប្រសាសន៍ថា​កិច្ច​អភិវឌ្ឍ ក៏ដូចជា​ការលើកកម្ពស់​សេដ្ឋកិច្ច​សង្គមជាតិ ពិសេស​ការស្ថាបនា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច​ដំណើរការបាន​អាស្រ័យ​ដោយ​ប្រភព​ចំណូល​នៃ​ថវិការដ្ឋ​។

ជាក់ស្ដែង​កិច្ច​អភិវឌ្ឍ​ប្រទេស និង​ការជំរុញ​ល្បឿន​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​ដល់​សព្វថ្ងៃ​ពឹង​ផ្អែកលើ​គោលនយោបាយ ព្រមទាំង​ការអនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថវិកាជាតិ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក​អភិបាលខេត្ត​បាន​បន្តថា​យ៉ាងណាមិញ ដើម្បី​លើកកម្ពស់​ការគ្រប់គ្រង​ចំណូល​ថវិកា​សម្រាប់​ខេត្ត​ប្រកបដោយ​ភាពជោគជ័យ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​កំណត់​គោលដៅ​អំពី​ការគ្រោង ការប្រមូល ការបែងចែក និង​ការប្រើប្រាស់​ធនធាន ដែល​បាន​ពី​កម្រៃ​សេវា​រដ្ឋបាល ក៏ដូចជា​សេវាសាធារណៈ​តាមរយៈ​ការធ្វើប្រតិភូកម្ម​មុខងារ​ពី​ក្រសួង​ស្ថាប័ន រដ្ឋបាល​ក្រុង​ស្រុក​មក​អង្គភាព​ច្រកចេញចូល​តែមួយ​បានជា​ក់លាក់​។ ការប្រមូល​ចំណូល​ទាំងនេះ​ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ទិន្នន័យ​សមស្រប និង​ស្របតាម​ប្រភេទ ឬ​តម្លៃ​សេវា​ដែល​បានកំណត់​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

ម្យ៉ាងទៀត​ត្រូវ​គ្រោង​ចំណូល​ដែល​បាន​ប៉ាន់ស្មាន​ដាក់ចូល​ទៅក្នុង​គម្រោង​ថវិកា​ប្រចាំឆ្នាំ​តាម​ចំណាត់ថ្នាក់​នៃ​មាតិកា​ថវិកា​។ លោក​ជាវ តា​យ បានបញ្ជាក់​ទៀតថា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ដែលមាន​ប្រភព​ចំណូល​ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ក្នុងការ​ប្រមូល​ឱ្យមាន​ប្រសិទ្ធ​ភាពជា​ចម្បង​។ គ្រប់​ប្រភព​ចំណូល​ថវិកាខេត្ត​គឺ​សម្រាប់​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ចសង្គម​សំដៅ​បម្រើ​ផលប្រយោជន៍​សាធារណៈ ក៏ដូចជា​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕​