ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមមន្ត្រីបាននិយាយថា រន្ទះបាញ់ជាច្រើនបានវាយប្រហារពិធីមង្គលការមួយនៅបង់ក្លាដែសក្នុងពេលតែប៉ុន្មានវិនាទីកាលពីថ្ងៃពុធទី ៤ ខែសីហា ដោយសម្លាប់មនុស្ស ១៦ នាក់និងបង្ករបួសដល់កូនកំលោះ។
អភិបាលក្រុងស៊ីបហ្គាន លោកសាគីប អាល់រ៉ាបប៊ី បាននិយាយថា ក្រុមកូនកំលោះទើបតែចាកចេញពីទូកមួយនៅមាត់ទន្លេនៃទីក្រុងស៊ីបហ្គានដើម្បីជ្រកព្យុះផ្គររន្ទះ នៅពេលត្រូវរន្ទះបាញ់។
លោកអភិបាលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP*ថា កូនក្រមុំមិនបាននៅជាមួយពិធីទេ ដោយបញ្ជាក់ថា មនុស្ស ១៦ នាក់បានស្លាប់ដោយសាររន្ទះជាច្រើនបានវាយប្រហារក្នុងពេលតែប៉ុន្មានវិនាទីពីគ្នានៅសង្កាត់ចាប៉ៃណាវ៉ាបហ្គាន ស្ថិតនៅភាគខាងលិចក្រុង។
ថ្មីៗនេះព្យុះមូសុងដ៏ខ្លាំងក្លាបានវាយប្រហារប្រទេសបង់ក្លាដែស។ ភ្លៀងខ្លាំងពេញមួយសប្តាហ៍នៅទីក្រុងខុកស្បាហ្សា ស្ថិតនៅភាគអាគ្នេយ៍ប្រទេស បានបណ្តាលឱ្យមនុស្សស្លាប់ ២០ នាក់ ក្នុងនោះមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៦ នាក់។
រន្ទះបាញ់បានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះជារៀងរាល់ឆ្នាំ។យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញថាមានអ្នកស្លាប់ដោយសាររន្ទះបាញ់ជាង ២០០ នាក់ក្នុងឆ្នាំ ២០១៦ ក្នុងនោះមានមនុស្សស្លាប់ ៨២ នាក់ក្នុងថ្ងៃតែមួយនៅខែឧសភាឆ្នាំនោះ៕
មនុស្ស១៦នាក់ស្លាប់ដោយសាររន្ទះបាញ់អំឡុងពិធីមង្គលការនៅបង់ក្លាដែសកាលពីថ្ងៃពុធ