រដូវធូរេនមកដល់ ឈៀងម៉ៃ បន្សល់សំបកធូរេនមួយតោនក្នុងមួយថ្ងៃ

3899
ចែករម្លែក

វាជារដូវផ្លែធូរេននៅថៃ ហើយស្តេចផ្លែឈើនេះពេញនិយមណាស់នៅក្រុងឈៀងម៉ៃ ដែលកំពុងជួបការហូរចូលនៃភ្ញៀវទេសចរចិនដូចទឹកបាក់ទំនប់។បើដូច្នេះតើអ្នកទេសចរនិងប្រជាជនមូលដ្ឋានប្រើធូរេនប៉ុន្មានទៅក្នុងមួយថ្ងៃ? ខណៈមិនមានចំនួនផ្លែពិតប្រាកដដែលត្រូវបានលក់ចេញក្នុងមួយថ្ងៃៗ វីដេអូមកពីគេហទំព័រសារព័ត៌មាន
MThaiបង្ហាញថា ទីក្រុងនេះកំពុងឈឺក្បាលជាមួយនឹងគំនរសំបកធូរេន។

ពួកមន្រ្តីបាននិយាយថា គេបានប្រមូលសំបកធូរេនប្រមាណ៥០០គីឡូក្រាមពីផ្សារMuang Maiក្នុងមួយថ្ងៃ។បូករួមទាំងសំបកធូរេនមកពីអ្នកលក់តាមដងផ្លូវជុំវិញក្រុងនេះ ឈៀងម៉ៃឥឡូវបង្កើតសំបកធូរេនប្រមាណ១តោនជារៀងរាល់ថ្ងៃ។

តែកុំបារម្ភ សំបកធូរេនទាំងនោះនឹងមិននៅគរដដែលទេ ដោយពួកមន្រ្តីមានគំរោងប្រែក្លាយវាទៅជាជី។

មានរឿងចម្លែកមួយទៀតពាក់ព័ន្ធនឹងធូរេន គឺនាយកដ្ឋានថៃមួយបានណែនាំទៅគ្រប់ខេត្តអោយតែងតាំងអ្នកត្រួតពិនិត្យដើម្បីធានាថា កសិកររបស់គេមិនលក់ផ្លៃធូរេនមិនទាន់ទុំទៅទីផ្សារ បើមិនដូច្នេះទេនឹងប្រឈមការជាប់គុក។

ដោយសារធូរេនក្លាយជាទំនិញឈានមុននៅចិន តំរូវការខ្ពស់នាំអោយធូរេនឡើងថ្លៃរហូតដល់១១០បាត ឬ៣,៥ដុល្លារក្នុងមួយគីឡូ។ដោយសារការឡើងថ្លៃនេះ ពួកមន្រ្តីបារម្ភខ្លាចពួកកសិករប្រមូលធូរេនមិនទាន់ទុំបញ្ជូនចូលទីផ្សារ ដែលធ្វើអោយប៉ះពាល់ស្តង់ដាធូរេនថៃ។

កសិករណាដែលត្រូវរកឃើញថាលក់ធូរេនមិនទាន់ទុំ អាចត្រូវចោទប្រកាន់និងប្រឈមការជាប់គុក៣ឆ្នាំ ព្រមទាំងការពិន័យប្រាក់៦០.០០០បាត(១.៩០០ដុល្លារ)៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ