​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ បាន​សហការ​ជាមួយ​គណៈកម្មការ​ផ្សា​របឹង​កេងកង​ធ្វើការ​ធ្វើតេស្ត​រហ័ស​យក​សំណាក អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កេងកង​ចំនួន​ជាង​៤០០​នាក់ ហើយ​ជា​លទ្ធផល មាន​វិជ្ជមាន​កូ​វីដ​ចំនួន​២​នាក់ ប៉ុន្តែ​ទោះបីជា​យ៉ាង​ក្តី​ទីផ្សារ​ទាំងមូល​នៅ​បើក​ដំណើរការ​ជា​ប្រក្រតី​។​

លោក ឯក និមល ប្រធាន​គណៈកម្មការ​ផ្សា​របឹង​កេងកង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា​នេះ​ថា អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កេងកង​ចំនួន ៤២១​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក ហើយ​ជា​លទ្ធផល​រកឃើញ វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​២​នាក់​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា ៖​អាជីវក​រទាំង​២​នាក់​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​ពីរ​នេះ ពួកគាត់​ជា​ពលរដ្ឋ​រស់នៅ​បឹង​សាឡាង​ខណ្ឌទួលគោក ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បិទ​ខ្ទប់​ភូមិដ្ឋាន​ពួកគាត់​រួចហើយ ។

លោក​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ៖​ចំពោះ​ទីផ្សារ​បឹង​កេងកង​ទាំងមូល​មិនមាន​ការបិទ​ទេ គឺ​នៅ​បើក​ដំណើរការ​ជា​ប្រក្រតី ព្រោះថា បងប្អូន​អាជីវក​រទាំង​២​នាក់​នេះ​លក់ដូរ​នៅក្រោយ​គេឯង មិនសូវមាន​មនុស្ស​ចេញចូល​ទេ ទើប​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ឱ្យនៅ​រក្សា​ផ្សារ​លក់ដូរ​ជា​ប្រក្រតី​។​

ដោយឡែក លោក ហ៊​ត វ៉ាន់​ធី ប្រធាន​ផ្សារ​អូរឫស្សី វិញ បាន​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០៥​សីហា​ឆ្នាំ​២០២១ នេះដែរ​ថា អាជីវករ​ផ្សារ​អូ​ឬ​ស្សី​ទាំងអស់ មិនមាន​ការពិនិត្យ​យក​សំណាក​នោះទេ នៅថ្ងៃនេះ ហើយ​អ្នក​ដែល​យក​សំណាក​៥​នាក់​នោះ មិន​ពាក់ព័ន្ធ​អ្វីដែល​ត្រូវអោយ​អាជីវករ​ផ្សារ​អូ​ឬ​ស្សី​ទាំងអស់​យក​សំណាក​នោះទេ បើទោះបី ក្នុង​ចំនួន​អ្នក​ទាំង​៥​នាក់​នោះ​មាន​អាជីវករ​ផ្សារ​អូ​ឬ​ស្សី​ក៏ដោយ ហើយ​ក្នុង​ចំនួន​៥​នាក់​នោះ ក្រោយ​ការពិនិត្យ​ទទួលលទ្ធផល​អវិជ្ជា​ម​កូ​វីដ​-១៩​ទាំងអស់គ្នា​៕​