ដោយ: ភ្នំខៀវ / ប៉ៃលិនៈ វិស្វករល្បីឈ្មោះម្នាក់ បានស្លាប់ដោយអាថ៌កំបាំង ធ្វើឲ្យប្រពន្ធរបស់គាត់ ទទួចសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជួយរកយុត្តិធម៌ឲ្យ។
អ្នកស្រី វ៉ុន សារី ជាភរិយាជនរងគ្រោះ រស់នៅផ្ទះជួលក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បានរៀបរាប់ ទាំងអារម្មណ៍ អួលអាក់ថា÷ ចំពោះការបាត់បង់ អាយុជីវិតស្វាមីរបស់លោកស្រី កន្លងមកនេះ មានភាពអយុត្តិធម៌ ជាទីបំផុត ដោយម្ចាស់សំណង់ អះអាងថា ប្តីរបស់គាត់ បានដួលបោកក្បាល ប៉ះទៅនឹងជ្រុងសាឡុង និងបានព្យាយាម ពង្វៀងបិទបាំងភស្តុតាងមួយចំនួន ដូចជា: ពេលជនរងគ្រោះ ជួបគ្រោះថ្នាក់ភ្លាមៗ ភាគីម្ចាស់សំណង់ មិនបានផ្តល់ដំណឹងឲ្យគាត់ ជាប្រពន្ធឲ្យបានដឹងភ្លាមៗទេ (ផ្ទះមានចម្ងាយ ១០០ ម៉ែត្រពីគ្នា) តែបែរជាទៅហៅ បងប្រុសរបស់ខ្លួនឯង ធ្វើពេទ្យដូចគ្នា ឲ្យមកជួយទៅវិញ។ ក្រៅពីនេះ បានដោះកាម៉ារា ដែលមានបំពាក់ នៅក្នុងផ្ទះ ចេញបាត់អស់ រួមទាំងយកទូរស័ព្ទ របស់ជនរងគ្រោះ ទៅលុបកម្មវិធីចោល ទោះជាគាត់ជាប្រពន្ធ ជនរងគ្រោះ ទារយក ក៏បដិសេធមិនព្រមឲ្យ រហូតលុបកម្មវិធីចោលអស់ ទើបប្រគល់ឲ្យ …. ជាដើម។
ភរិយាជនរងគ្រោះ បានបន្តថា÷ រវាងប្តីអ្នកស្រី និងម្ចាស់សំណង់ កន្លងមក ធ្លាប់មានបញ្ហាជាមួយគ្នាខ្លះៗ ដោយនៅថ្ងៃកើតហេតុ ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១ ប្តីរបស់អ្នកស្រី ឈ្មោះ សាន សុខ អាយុ ៥០ ឆ្នាំ ជាវិស្វករល្បីឈ្មោះម្នាក់ បានទៅជួបម្ចាស់ ធ្វើសំណង់មានឈ្មោះ ស៊ុយ សុត្ថា ហៅ ពេទ្យបារាំង មុខរបរ ជាពេទ្យឯកជន នៅឯផ្ទះ ឋិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីពិគ្រោះលើការងារ គូសប្លង់ សាងសង់អគារ ពេទ្យព្យាបាល មួយកន្លែង នៅអំឡុងវេលាម៉ោង ប្រមាណជាង ៤:០០ នាទីរសៀល ថ្ងៃដដែល ដោយសារជនរងគ្រោះ បានទៅជួបគេយូរ ក៏គាត់បានទូរស័ព្ទ ហៅប្តី ព្រោះដល់ម៉ោងបង្រៀនសិស្ស ប៉ុន្តែមិនមានអ្នកលើក រហូតព្យាយាម ចុចទូរស័ព្ទជាច្រើនដង ចុងក្រោយ ទើបមានអ្នកលើក តែមិននិយាយស្តី អ្វីបន្តិចសោះ។
ការរង់ចាំដំណឹងរបស់ប្តី ដោយអន្ទះសានេះ ស្រាប់តែមានទូរស័ព្ទរបស់ ម្ចាស់សំណង់ ប្រាប់ថា ប្តីរបស់អ្នកស្រី បានដួលរបួសតិចតួច ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកកំរៀងហើយ ។ ភ្លាមៗនោះ អ្នកស្រី ជាប្រពន្ធ ក៏បានរួសរាន់ ប្រុងទៅមើលប្តី តែត្រូវឈ្មោះ ស៊ុយ សុត្ថា ជាម្ចាស់ធ្វើសំណង់ បានទូរស័ព្ទមកប្រាប់បន្តថា ប្តីរបស់គាត់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ យោធភូមិភាគទី ៥ នៅឯក្រុងបាត់ដំបង បន្តទៀតហើយ ហើយអ្នកស្រី ក៏ជួលរថយន្ត ធ្វើដំណើរមកកាន់មន្ទីរពេទ្យ ក្នុងខេត្តបាត់ដំបង ពេលមកដល់ ដោយត្រូវធ្វើតេស្តរកជំងឺកូដ-១៩ផង ដល់ម៉ោងប្រមាណជាង ១០:០០ នាទីយប់ ទើបដឹងលទ្ធផល ទើបអ្នកយាម គេឲ្យចូល ។ ពេលដើរទៅរកប្តី ឈ្មោះ ស៊ុយ សត្ថា បានចេញមកឲ្យគាត់ស្តាប់ទូរស័ព្ទ ដោយអះអាងថា ជួបជាមួយគ្រូពេទ្យ។ ពេលនោះ តាមទូរស័ព្ទ គេប្រាប់គាត់ថា ប្តីរបស់អ្នកស្រី បានស្លាប់បាត់ទៅហើយ ។ បានមួយសន្ទុះ គាត់ក៏បានសួររកទូរស័ព្ទរបស់ប្តី តែម្ចាស់ផ្ទះសំណង់ ឈ្មោះ ស៊ុយ សត្ថា ព្យាយាមយកលេសផ្សេងៗ ដោយបដិសេធ មិនព្រមប្រគល់ឲ្យឡើយ រហូតព្រឹកឡើង ទើបប្រាប់ឲ្យទៅយកទូរស័ព្ទ នៅកន្លែងជាង ដែលជាងធ្វើទូរស័ព្ទ បានប្រាប់ថា ទូរស័ព្ទខាងលើ គេឲ្យឈូសលុបកម្មវិធីចោល។
អ្នកស្រី វ៉ុន សារី បានបញ្ជាក់ទាំងទឹកភ្នែកថា÷ ដោយគិតថា នៅឯស្រុកកំរៀង គាត់ជួលផ្ទះគេ ស្នាក់នៅ ខ្លាចដឹកសាកសពប្តីរបស់គាត់ ត្រឡប់ទៅផ្ទះវិញ ខ្លាចក្រែងម្ចាស់ផ្ទះជួល គេមិនឲ្យចូល ដូច្នេះគាត់ ក៏សម្រេចចិត្ត ដឹកសាកសពប្តី ជាទីស្រឡាញ់ ទៅតម្កល់ទុកនៅវត្តដំរី ស មួយយប់ ភ្លឺឡើង ទើបបូជា ពេលនោះ លោកស្រី នៅតែម្នាក់ឯង តក់ស្លុត និងភ័យខ្លាច នឹកមិនឃើញអ្វីទាល់តែសោះ សូម្បីតែរាយការណ៍ ដល់អាជ្ញាធរមានសមត្ថកិច្ច។
ចុងក្រោយ លោកស្រី សូមសំណូមពរដល់ សមត្ថកិច្ចជំនាញ និងលោក សាត គឹមសាន ស្នងការខេត្ត ពិសេសលោក ងួន រតន: អភិបាលខេត្តបាត់ដំបង ជួយរកយុត្តិធម៌ឲ្យគាត់ផង ។ ប្តីរបស់គាត់ ស្លាប់បិទភ្នែក មិនជិតនោះទេ។
ចំណែកលោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ករណីខាងលើ មកទល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១ នេះ លោកមិនទាន់ទទួលបាន របាយការណ៍ មកដល់នៅឡើយទេ៕/V