ដោយៈ គង់ហេង / កំពង់ចាមៈ ផ្លូវបេតុងចំនួន ពីរខ្សែ ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលបានប្រើប្រាស់កញ្ចប់ថវិកា របស់រដ្ឋបាលខេត្ត អនុវត្តគម្រោង ដោយខាងមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្តកំពង់ចាម បច្ចុប្បន្ន សម្រេចស្ថាបនាបាន ប្រមាណពី ៣០ ទៅ ៤០ ភាគរយហើយ។
លោក ខ្ចង អូន ជាចៅសង្កាត់បឹងកុក ដែលបានអមដំណើរប្រតិភូ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ ដែលដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ សីហា នេះ បានឱ្យដឹងថាៈ ខណៈនេះ ខាងក្រុមសាងសង់ បានចំនួន ពីរ សប្តាហ៍ហើយ គឺកំពុងចាក់ក្រាលថ្ម លើបាតផ្លូវបេតុង ពីរខ្សែ ប្រវែងជាង ១.០០០ ម៉ែត្រ នោះ និងបានចងដែក សម្រាលបេតុងផ្លូវ ប៉ុន្តែលោកមិនអាចវាយតម្លៃភាគរយ នៃការសាងសង់ ផ្លូវនេះបានទេ។
លោកចៅសង្កាត់បឹងកុក បានបន្តថាៈ ក្រៅពីចុះពិនិត្យការស្ថាបនាផ្លូវ និងផលប៉ះពាល់ គឺលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្រេចផ្តល់ កំណាត់ផ្លូវបេតុងខ្លីៗ ដែលតភ្ជាប់មកផ្លូវធំ ច្រើនកន្លែងបន្ថែមទៀត សរុបប្រហែល ២.០០០ ម៉ែត្រ ដែលពីមុនផ្លូវទាំងអស់ សុទ្ធជាផ្លូវលំ និងមានហានិភ័យខ្ពស់ នៅរដូវភ្លៀងធ្លាក់មកដល់។
លោក ប្រាក់ ទិត្យ ជានាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានឱ្យដឹងដែរថាៈ ផ្លូវទាំងពីរខ្សែ ខាងលើ ជាគម្រោងថវិកា ចំណាយរបស់រដ្ឋបាលខេត្ត និងអនុវត្តគម្រោងសាងសង់ ដោយខាងមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្តកំពង់ចាម។ បច្ចុប្បន្ន សាងសង់សម្រេចបានពី ៣០ ទៅ ៤០ ភាគរយ។
លោកបានបន្តថាៈ តាមគម្រោង ផ្លូវទាំង ពីរខ្សែនេះ មានប្រវែងសរុប ១.៥៧៥ ម៉ែត្រ ដែលខ្សែទី១ មានប្រវែង ១.៣៥០ ម៉ែត្រ មានទទឹងផ្លូវ ៦ ម៉ែត្រ កម្រាស់ផ្លូវ ០,១៥០ ម៉ែត្រ សរុបចំនួន ៨.១០០ ម៉ែត្រការ៉េ និងមួយខ្សែទៀត ប្រវែង ២២៥ ម៉ែត្រ ទទឹងផ្លូវ ៥ ម៉ែត្រ កម្រាស់ផ្លូវ ០,១៥០ ម៉ែត្រ សរុបចំនួន ១.១២៥ ម៉ែត្រការ៉េ៕/V