ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបដិសេធ ទាក់ទងទៅនឹងការចុះ ផ្សាយព័ត៌មាន មិនពិតរបស់គណនីហ្វេសបុក មួយឈ្មោះថា Heng Sothea និង ព័ត៌មាន សុខភាព កំសាន្ត ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស យ៉ាងធ្ងន់ធ្ងរបស់កងកម្លាំង នគរបាលជាតិ។
អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានឲ្យដឹងថាៈ បន្ទាប់ពីបានឃើញ ការចុះផ្សាយរបស់ គណនីហ្វេសបុក ខាងលើថា មានមន្ត្រីយាម នៅច្រកចេញចូល ស្តាតអូឡាំពិក ទារលុយ ពេលយកម្ហូបអាហារ មកឲ្យសាច់ញាតិ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារ នៃស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ របស់លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះស្រាវជ្រាវភ្លាមៗ ដល់ទីតាំង ។
បន្ទាប់ពីធ្វេីការសាកសួរលម្អិត បានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់ យកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងការចូល យកម្ហូបអាហារ មកឲ្យបងប្អូន សាច់ញាតិដែលកំពុង សម្រាកព្យាបាលជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ ជាក់ស្តែង ដោយសារតែកម្លាំង ប្រចាំការគោលដៅ ច្រកចេញចូល បានអនុវត្តការងារ យ៉ាងតឹងរឹង តាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់ របស់ក្រុមគ្រូពេទ្យ ហេីយបុគ្គលដែលផុសព័ត៌មាន មិនពិតនោះ ក្នុងគោលបំណងអាក្រក់ ដេីម្បីបង្ខូចកិត្តិយស របស់កងកម្លាំង ដែលតែងតែលះបង់ ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដេីម្បីសហការជាមួយ ក្រុមគ្រូពេទ្យ ដោយប្រចាំការ តាមគោលដៅ ធ្វេីចត្តាឡីស័ក និងព្យាបាល ២៤ម៉/២៤ម៉ ។
អ្នកនាំពាក្យ បានបន្តថាៈ បញ្ហាដែលធ្វេីឲ្យបុគ្គលនេះ ខឹងហេីយផុសព័ត៌មាន មិនពិតនេះ គឺដោយសារតែ បុគ្គលរូបនេះ យកម្ហូបអាហារ មកឲ្យសាច់ញាតិរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលកូវីដ នៅស្តាត ខុសពេលម៉ោង ដែលគ្រូពេទ្យ កំណត់ជាច្រេីនលេីក ច្រេីនសារ និងមិនអនុវត្ត តាមការណែនាំរបស់គ្រូពេទ្យ ដូច្នេះហេីយទេីបសមត្ថកិច្ច ប្រចាំការតាមច្រកចេញចូល មិនអនុញ្ញាតឲ្យចូល ហេីយក៏មានការខឹងនឹងសមត្ថកិច្ច ដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយខុស ពីការពិតចោទប្រកាន់ មកលេីសមត្ថកិច្ចទៅវិញ ។ ពេលនេះ សមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវ រកម្ចាស់គណនីទាំងនេះ ដេីម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕/V