ភ្នំពេញៈ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​៥​ខែសីហា​នេះ​បានបញ្ជាក់​ថា​ថ្មីៗ​នេះ​មាន​ជន​ក្លែងបន្លំ​មួយក្រុម​បានចេញ លិខិត​ឧទ្ទេសនាម​ដោយ​ប្រើ​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​និង​យកឈ្មោះ​«​កម្លាំង​សហប្រតិបត្តិ​ការកសាង​សមាជិក​គណបក្ស​ជូន​សម្ដេច​តេ​ជោ​»​។​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល​សូម​ច្រានចោល​សកម្មភាព​ល្មើស​នេះ​ព្រោះ​ខុសពី​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​

​យោងតាម​លិខិត​របស់​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជម្រាប​ជូនទៅ​ប្រធាន​គណៈកម្មាធិការ​បក្ស​រាជធានី ខេត្ត ក្រសួង ស្ថាប័ន​បាន​បញ្ជាក់ថា ថ្មីៗ​នេះ​មាន​ជន​ក្លែងបន្លំ​មួយក្រុម​បានចេញ​លិខិត​ឧទ្ទេសនាម ដោយ​ប្រើ​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​យកឈ្មោះ​«​កម្លាំង​សហប្រតិបត្តិ​ការ​កសាង​សមាជិក​គណបក្ស​ជូន សម្ដេច​តេ​ជោ​»​។ ក្រុម​នេះ​បាន​ទៅទាក់ទង​តាម​ខេត្ត​មួយចំនួន​រួចហើយ​ដើម្បី​សុំ​ចុះ​បំពេញបេសកកម្ម​កសាង​សមាជិក​គណបក្ស ប្រជាជន​កម្ពុជា ក្នុងករណី​ពិសេស​។​

​ចំពោះ​ករណីនេះ ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្ដាល សូម​ច្រានចោល​ទាំងស្រុង​នូវ​សកម្មភាព​ល្មើស​ខាងលើនេះ ព្រោះ​ខុសពី​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក្រុម​នេះ​ក៏​ពុំមាន​ការចាត់តាំង​ចេញពី​អង្គការ​ចាត់តាំង ណាមួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។
លិខិតដដែលបានស្នើឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី ខេត្ត ក្រសួង ស្ថាប័នធ្វើការ​តាមដានត្រួតពិនិត្យ និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

​សូម​អាន​លិខិតបញ្ជាក់​របស់​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៖​