ដោយ:ពៅនិមល/ភ្នំពេញ៖ លោកមន្រ្តីអ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឲ្យដឹងថា នៅដើមឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន។

លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យរបស់ប.ស.ស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែសីហាម្សិលមិញថា កម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ ដែលជាសមាជិក ប.ស.ស នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ នៅពេលដែលរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនគ្រោងនឹងដាក់ឲ្យអនុវត្តន៍ផ្លូវការ។

លោកបានបន្តថា “ប្រាក់សោធនសម្រាប់វិស័យឯកជន គឺយើងគ្រោងដាក់ឲ្យអនុវត្តនៅក្នុងដើមឆ្នាំ២០២២ខាងមុខ ពីព្រោះថាយើង បានរៀបចំលិខិតបទដ្ឋាន អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្តនានារួចរាល់ហើយ។ ការពិត យើងគ្រោងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩គឺពន្យាពេលរហូត ហើយនៅក្នុងនេះយើងបានប្រជុំក្រុមប្រឹក្សាភិបាល យើងបានពិភាក្សានិងស្នើសុំឲ្យដាក់អនុវត្តនៅក្នុងឆ្នាំ២០២២ខាងមុខ”។

លោកបានបន្ថែមថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលសម្តេចតែងតែគិតគូរខ្ពស់បំផុតអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត។

សូមជម្រាបថា ក្រសួងកិច្ចការនារី កាលពីព្រឹកថ្ងៃទី៥ ខែសីហា បានសហការជាមួយអង្គការ អាហ្វីដា រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករជាស្រ្តីដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ហ្សូម។ ក្នុងកិច្ចប្រជុំនោះ ក៏មានធ្វើបទបង្ហាញ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានវិសាលភាពគ្របដណ្តប់លើវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសសម្រាប់ សមាជិក ប.ស.ស ជាស្រ្តីសម្រាលកូន ទាំងក្នុងនិងក្រៅប្រព័ន្ធទាំងអស់ ក៏បាននឹងកំពុងទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្តីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងមន្ទីរកិច្ចការនារីទាំង២៥រាជធានី/ខេត្ត តំណាងអង្គការ អាហ្វីដា (APHEDA), អង្គការ អហ្វហ្វាម (Oxfam) និងតំណាងសហជីពនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណជាង១០០នាក់៕សរន