ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ អាជ្ញាធរក្រុងតូក្យូបាននិយាយថា ករណីឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃនៅទីក្រុងតូក្យូបានឈានដល់កម្រិតកំណត់ត្រា ៥.០៤២ នាក់កាលពីថ្ងៃព្រហស្បតិ៍ទី៥សីហា ដោយលើសខ្ទង់ ៥.០០០ នាក់ជាលើកដំបូង ខណៈការផ្ទុះឡើងនៃមេរោគកូរ៉ូណាបានដាក់សម្ពាធធ្ងន់លើប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងប្រទេសជប៉ុន។
ទីក្រុងតូក្យូ ដែលធ្វើជាម្ចាស់ផ្ទះអូឡាំពិកខណៈកំពុងស្ថិតក្នុងស្ថានភាពគ្រាអាសន្នកំរិតទីបួនរបស់ខ្លួនអំឡុងពេលមានជំងឺរាតត្បាតនេះ បានរាយការណ៍តួលេខខ្ពស់បំផុតសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា បន្ទាប់ពីបានកត់ត្រាករណីឆ្លងចំនួន ៤.១៦៦ នាក់កាលពីថ្ងៃពុធ។
រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តនៅថ្ងៃដដែលដើម្បីពង្រីកស្ថានភាពអាសន្នដោយផ្នែកនៅក្នុងខេត្តចំនួនប្រាំបីបន្ថែមទៀត ដោយហាមឃាត់ការសេពគ្រឿងស្រវឹងជាគោលការណ៍សំខាន់បំផុត ខណៈមេរោគបំប្លែងខ្លួន Delta កំពុងឆ្លងរីករាលដាលនៅតំបន់ទាំងនោះ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃចន្ទបានបន្ថែមទីក្រុងអូសាកានិងខេត្តចំនួនបីនៅជិតរាជធានីទៅក្នុងស្ថានភាពអាសន្នដែលបានដាក់រួចទៅហើយនៅក្នុងទីក្រុងតូក្យូនិងកោះអូគីណាវ៉ា ហើយបានដាក់ស្ថានភាពអាសន្នដោយផ្នែកលើខេត្តចំនួនប្រាំរហូតដល់ចុងខែសីហានេះ។
បន្ទាប់ពីធ្វើការសម្រេចចិត្តនេះរួច នាយករដ្ឋមន្ត្រី យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បាននិយាយថា”ការឆ្លងមេរោគកំពុងរីករាលដាលក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ទីក្រុងនិងកន្លែងផ្សេងទៀត”។
លោកស៊ូហ្គានិយាយថា “ជាមួយនឹងការកើនឡើងនៃករណីឆ្លងទាំងនោះ ចំនួនអ្នកជំងឺធ្ងន់ធ្ងរក៏កំពុងកើនឡើងផងដែរ” ខណៈកត់សម្គាល់ថា មេរោគ Delta ឥឡូវនេះមានចំណែកប្រហែល ៩០ ភាគរយនៃករណីឆ្លងវីរុសកូរ៉ូណានៅទីក្រុងតូក្យូ ហើយសមមាត្រនេះគឺខ្ពស់នៅក្នុងទីតាំងផ្សេងទៀត៕
អ្នកក្រុងតូក្យូដើរឆ្លងថ្នល់ពាក់ម៉ាស់កាលពីថ្ងៃទី២៧កក្កដាកន្លងទៅ