ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទាត់ ចោលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គលមួយរូបឈ្មោះស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំនៃអតីតគណបក្សសង្គ្រោះជាតិ ដោយសារបុគ្គលរូបនេះបានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh News នា ព្រឹកថ្ងៃទី០៦ ខែសីហានេះ ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញព័ត៌មាន Fresh News ថាការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដោយសារបុគ្គលរូបនេះកន្លង មកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាលេខ៣៤០ ចុះថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលដោយបានប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook និងបានធ្វើការចែក រំលែកសារនយោបាយរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ព្រមទាំងបានធ្វើសកម្មភាពក្នុងការទំនាក់ទំនងពង្រឹងស្មារតីសតិអារម្មណ៍ក្រុមសកម្មជន អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ហើយ បច្ចុប្បន្នបុគ្គលនេះនៅតែមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលជាមេក្លោងក្រុមឧទ្ទាមក្រៅច្បាប់។
គួររំលឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក៏បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដល់លោក ជួង ជូងី និងលោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដោយតុលាការដោយសារបុគ្គលទាំងពីររូប នេះនាពេលកន្លង មកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ ឆ្នាំបានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅ នឹងសាលដីការបស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ ។
សូមជំរាបថារហូតមកដល់ពេលនេះមានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៤រូបហើយត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទីផ្តល់នីតិសម្ប ទានយោបាយឡើងវិញ៕