ដោយៈអូរស្មាច់/ឧត្តរមានជ័យៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ រួមនឹងកម្លាំងចម្រុះ បានចុះប្រាប់ដល់ប្រជាពលរដ្ឋ ចំនួន៦ ភូមិ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ជាប់ព្រំំដែន កម្ពុជា ថៃ ដែលជាតំបន់បិទខ្ទប់មានហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ច្រើន ហាមដើរចេញក្រៅពីលំនៅដ្ឋានខ្លួន បើបំពាននឹងបំរាមរដ្ឋបាល ត្រូវទទូលនៅការផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមផ្លូវច្បាប់។
តំបន់ដែលត្រូវបានធ្វើការបិទខ្ទប់ទាំងចំនួន៦ភូមិនោះ គឺអាជ្ញាធរបានកំណត់ជា (តំបន់ក្រហម) ដែលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ច្រើន រួមមាន៖ ភូមិអូរស្មាច់ ភូមិរួតចំប៉ី ភូមិអភិវឌ្ឍន៍ ភូមិគីរីមង្គល ភូមិដើមជ្រៃ និងភូមិចំការចេក។ ហើយការអនុវត្តវិធានការបិទខ្ទប់នេះ ហាមការជួបជុំលក្ខណ:ឯកជន ឬបង្កើតកម្មវិធីផ្សេងៗ។
សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ គិតត្រឹមល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់សរុបចំនួន៥.១៤៩ ករណី ខណៈរកឃើញថ្មី៧៨ ករណី (៤១ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃកំពុងចត្តាឡីស័ក)និងជាសះស្បើយចំនួន១៩២ នាក់បន្ថែមទៀត៕