ដោយ ៖ ភ្នំសន្ទុក -ប.ជ័យ / កំពង់ធំ ៖ អតិថិជន ក៏ដូចអ្នកធ្វើដំណើរ ចេញចូលឆ្លងកាត់ និងបងប្អូនប្រជាពលរដ្ឋ នៅបរិវេណជុំវិញផ្សារចាស់ នាសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរងការកកស្ទះចរាចរណ៍ និងរងក្លិនស្អុយអសោចន៍ ដោយសារសណ្តាប់ធ្នាប់ មិនល្អ ហើយថែមទាំងមានគំនរសំរាម ចាក់គរលើ ផ្លូវសាធារណៈទៀត។ ដីចិញ្ចើមផ្លូវ ដែលជាទីចំណត និងអាចធ្វើជាកន្លែងចាក់ ឬស្តុកសម្រាមបណ្តោះអាសន្ន ត្រូវបានគេអង្កន់លក់ ឬជួលអស់ហើយមកយក ផ្លូវសាធារណៈ ធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៅទៀត ។
ប្រជាពលរដ្ឋរស់នៅបរិវេណនោះ បានប្រាប់ឲ្យដឹងថាៈ ម្ចាស់ផ្សារចាស់នេះ បានកេងចំណេញផ្ទាល់ខ្លួន ពីទង្វើខាងលើ ហើយមិនគិតពីផលប៉ះពាល់ ដល់ប្រយោជន៍សាធារណៈ និងប្រយោជន៍អ្នកដទៃ ។
ពាក់ព័ន្ធបញ្ហាខាងលើ លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឲ្យដឹង កាលពីថ្ងៃទី៤ ខែសីហាថាៈ អាជ្ញាធរមានសមត្ថកិច្ច ក៏មើលឃើញពីទង្វើខាងលើ ហើយបាននឹងកំពុងតែ គិតគូរ ដោះស្រាយ ។ ក្នុងនោះ គេកំពុងតែរៀបចំ ធ្វើដំបូលថ្មី និងមានកម្ពស់ខ្ពស់ជាងមុន ដូច្នេះត្រូវអនុញ្ញាត ដល់បងប្អូនអាជីវករលក់ដូរ នៅតាមផ្លូវបណ្ដោះអាសន្ន សិនប៉ុណ្ណោះ។ ចំណែកទីតាំងមាត់ស្ទឹងសែននោះ ក៏ឱ្យទុកបណ្ដោះអាសន្នសិនដែរ ។
លោកបានបន្តថាៈ នៅពេលណាខាងផ្សារ សាងសង់ដំបូលផ្សាររួចរាល់អាជ្ញាធរ មិនអនុញ្ញាត ឲ្យផ្សារទុកគរ នៅទីតាំងលើផ្លូវនោះទៀតទេ ៕/V-PC