ដោយៈសុផានីតា/កោះកុងៈ អាជ្ញាធរ និងមន្ត្រីជំនាញស្រុកស្រែអំបិល បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង និងក្រៅផ្សារស្រែអំបិល ដើម្បីរៀបចំសណ្តាប់ធ្នាប់អនាម័យសោភ័ណ្ឌភាពឱ្យល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។
លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល ឱ្យដឹងនៅថ្ងៃព្រឹកទី៦ ខែសីហាថា យុទ្ធនាការនេះធ្វើឡើងក្នុងរយៈពេល៣ថ្ងៃទៅ១សប្តាហ៍ចំពោះការបាញ់ថ្នាំសម្លាប់មេរោគតាមតូបលក់ដូររបស់អាជីវករ និងក្នុងក្រៅបរិវេនផ្សារស្រែអំបិល គ្រាពលរដ្ឋអាជីករប្រកបអាជីវកម្មជាធម្មតាកាលពីរសៀលថ្ងៃទី៥ ខែសីហា។
ក្រៅពីការបាញ់ថ្នាំសម្លាប់មេរោគ អាជ្ញាធរ មន្ត្រីជំនាញ និងប្រធានផ្សារ រឹតបន្តឹងការចេញចូលផ្សារទិញលក់ទំនិញ គឺដោយតម្រូវឱ្យមានការធ្វើតេស្តរហ័សរកជំងឺកូវីដ វាស់កម្ពៅ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ព្រមទាំងរក្សាគម្លាតសុវត្ថិភាពជាដើម។
យុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺកូវីដនៅតំបន់ផ្សារស្រែអំបិលនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង កោតសរសើរពីកិច្ចប្រឹងប្រែងរបស់អាជ្ញាធរសមត្ថកិច្ច ក៏ដូចជាមន្ត្រីសុខាភិបាលស្រុក។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល បន្ថែមដែរថា កន្លងទៅ ផ្សារស្រែអំបិល មិនធ្លាប់ចេញសេចក្តីសម្រេចឱ្យបិទផ្អាកអាជីវកម្មដោយមិនចាត់ចូលជាតំបន់ក្រហមនោះទេ ប្រសិនបើតែតូបអាជីវករណាដែលរកឃើញវិជ្ជមាន គ្រាការយកសំណាកទៅធ្វើតេស្តរហ័ស និងរកឃើញអ្នកវិជ្ជមានតិចតួចក៏ដោយ។បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ១៩នៅស្រុកស្រែអំបិល ហាក់បីដូចជាស្ងប់ស្ងត់បន្តិចហើយ ក្រោមកិច្ចប្រឹងប្រែងមានវិធានការទប់ស្កាត់ និងដោះស្រាយពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ទ្ធទាំងអស់មិនថាតែថ្នាក់ស្រុក ឬខេត្តនោះទេ។
តំបន់សំខាន់ៗចេញចូលក្នុងភូមិសាស្ត្រស្រុកស្រែំបិល ត្រូវបានរឹតបន្តឹងទៅតាមការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជាពិសេសការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលបិទខ្ទប់ខេត្ត និងដាក់បម្រាមគោចរពេលរាត្រី ដើម្បីទប់ស្កាត់អត្រាចម្លងជំងឺកូវីដ១៩ ខណៈជំងឺកូវីដ១៩ ប្រភេទដែលតា (Delta) កំពុងគំរាមកំហែង៕